(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានចាត់ឲ្យតំណាងយកបច្ច័យ ចូលរួមបុណ្យសពលោកវរសេនីយ៍ទោ អ៊ូច ប៊ុនថេង នាយរងការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដែលបានទទួលមរណភាព ពេលកំពុងបំពេញបេសកកម្មនៅស្រុកស្នួល ខេត្តក្រចេះ។

ក្រោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារ ដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមបុណ្យសពមន្ដ្រីនគរបាលខាងលើ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ លោក អ៊ួច ប៊ុនថេង ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ក៏បាននាំយកថវិការបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ចំនួន១០លានរៀល ដើម្បីចូលរួមបុណ្យសពផងដែរ៕