(កំពង់ធំ)៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ បំផ្លាញផ្ទះសម្បែងកាលពីថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០១៩ បានទទួលអំណោយសង្គ្រោះពីលោក ហ៊ុយ សាវឿន (ហៅឌែល) ជាសប្បុរជន និងជាប្រធានបញ្ជាទិញ សម្លៀកបំពាក់ និងគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន Matalan uk Reatainler នៅកម្ពុជា និងលោក ខេន ឈុនគ័រ អធិការនគរបាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ទៅជូនដល់គ្រួសាររងគ្រោះ ដោយសារភ្លើងឆេះផ្ទះចំនួន២ផ្ទះនេះ រួមមាន គ្រួសារទី១៖ ឈ្មោះ ព្រំ គឺមយ៉ុន ភេទស្រី អាយុ៦៤ឆ្នាំ ដែលមានអំណោយអង្ករ៥០គីឡូក្រាម និងថវិកា ចំនួន៤៥ម៉ឺនរៀល ដែលរស់នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ និងគ្រួសារទី២៖ ទទួលបានអំណោយអង្ករ៥០គីឡូក្រាម និងថវិកាចំនួន៤៥ម៉ឺនរៀល។

លោក ខេន ឈុនគ័រ បានលើកឡើងថា ដោយមើលឃើញការលំបាករបស់គ្រួសារ ទាំង២ខាងលើ លោក ហ៊ុយ សាវឿន ហៅឌេល និងភរិយា ព្រមទាំងសហការី បានលះបង់ថវិកាផ្ទាល់ខ្លួន រួមគ្នាមកជួយសម្រាលការលំបាកខ្លះជូនបងប្អូន។

លោកអធិការនគរបាល បានចាត់ទុកថា ការផ្ដល់អំណោយនាពេលនេះ គឺជាវប្បធម៌ ចែករំលែកជួយគ្នាទៅវិញទៅមក គឺអ្នកមានលទ្ធភាព មានជីវភាពធូរធារជួយដល់អ្នកក្រខ្សត់ខ្វះខាត ដែលនេះជាការបង្ហាញពីទឹកចិត្ត ស្រឡាញ់រាប់អានអាណិតអាសូរ ដល់មនុស្សផងគ្នា ដែលជាកត្តាបង្កើននូវសាមគ្គីភាព ក្នុងស្រទាប់មហាជន ជាមូលដ្ឋានគ្រឹះនៃការឯកភាពជាតិ ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន។

លោក ហ៊ុយ សាវឿន បានលើកឡើងថា អំណោយនៅពេលនេះ គ្រាន់តែជួយសម្រាលបន្ទុករបស់បងប្អូន បានរយៈពេលខ្លីប៉ុណ្ណោះ ដូចនេះសូមបងប្អូន ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការប្រកបកិច្ចការងារ ទើបអាចបង្កើនសេដ្ឋកិច្ចគ្រួសារ និងអាចឆ្លងផុតលំបាកនេះ៕