(ភ្នំពេញ)៖ បញ្ហាបាត់បង់កោះត្រល់នៅតែជាបញ្ហាប្រទាញប្រទង់គ្នានៅក្នុងទស្សនៈខ្មែរ។ ក្នុងនោះក្រុមខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលខ្មែរនាពេលបច្ចុប្បន្ន តែងតែព្យាយាមចោទប្រកាន់ថា ការបាត់បង់កោះត្រល់ទៅក្នុងដៃវៀតណាម ដោយសារតែរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ១៩៨៥។

តែរាជរដ្ឋាភិបាលខ្មែរតែងតែអះអាងម្តងហើយម្តងទៀតថា ការធ្វើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាមនៅឆ្នាំ១៩៨៥ គឺយោងទៅតាមច្បាប់រវាងប្រទេសទាំងពីរ និងអនុលោមតាមច្បាប់អន្តរជាតិផងដែរ។ ពោលសន្ធិសញ្ញានេះ គ្រាន់តែជាការសម្រួលក្នុងការកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាដើម្បីកាត់ដីឱ្យវៀតណាមដូចការចោទប្រកាន់នោះឡើយ។

ដោយចង់បញ្ចប់វិវាទកម្ម និងឈ្លោះប្រកែកគ្នាលើរឿងទឹកដីនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំរដ្ឋសភាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ បានចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីបកស្រាយបំភ្លឺ និងបញ្ជាក់ទៅលើការបាត់បង់ទឹកដី ការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហាបាត់បង់កោះត្រល់ផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន មានព្រឹត្តិការណ៍សំខាន់ៗចំនួន៣ជាសក្ខីកម្មយ៉ាងច្បាស់ថា កោះត្រល់ត្រូវបានលាក់ទៅក្នុងដៃរបស់វៀតណាមតាំងពីអតីតកាលដ៏យូរលង់ណាស់មកហើយ។

ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ ទី១. នៅឆ្នាំ១៩៣៩ គឺលោក ប្រេវីយ៉េ ទេសាភិបាលបារាំង បានកាត់កោះត្រល់ដាក់នៅក្រោមការគ្រប់គ្រងរបស់កូសាំងស៊ីន, ទី២. នៅឆ្នាំ១៩៤៩ ទឹកដីកូសាំងស៊ីនត្រូវបានបារាំង ប្រគល់ឱ្យព្រះចៅ បៅដាយ និងទី៣. នៅឆ្នាំ១៩៦៤ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើឱ្យអន្តរជាតិ និងប្រទេសសាមី ទទួលស្គាល់ថាជាព្រំដែនសមុទ្រវាងកម្ពុជា និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចចុងក្រោយនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់របស់រដ្ឋាភិបាលកម្ពុជានាសម័យនោះ ទទួលស្គាល់ថា កោះត្រល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម៕