(ភ្នំពេញ)៖ ខណៈដែលកំណើនភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងគួរឲ្យកត់សម្គាល់ កម្ពុជា ក៏ត្រូវបានខាតបង់ប្រាក់ចំណូល រាប់ពាន់លានដុល្លារផងដែរ ពីការនាំចូលវត្ថុអនុស្សាវរីយ៍ពីបរទេស មកបំពេញតម្រូវការភ្ញៀវទេសចរ។

ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា យើងពិតជាសោកស្ដាយ ទំហំនៃការខាតបង់ពីការនាំចូល វត្ថុអនុស្សាវរីយ៍ពីបរទេស ព្រោះទំហំនៃការខាតបង់ពិតជាធំ ខណៈដែលក្នុងមួយឆ្នាំ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៦លាននាក់។

ឆ្លើយតបនឹងសំនួរ, តើយើងអាចវាយតម្លៃដឹងទេថា បរិមាណនៃការនាំចូលវត្ថុ អនុស្សាវរីយ៍ពីបរទេស មកបំពេញតម្រូវការភ្ញៀវទេសចរនៅកម្ពុជា វាមានទំហំជាទឹកប្រាក់ចំនួនប៉ុន្មាន? លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា «យើងមិនអាចវាយតម្លៃចំពោះកន្លែងនេះបានទេ ប៉ុន្ដែយើងមានការស្ដាយ ព្រោះទំហំនៃការខាត់បង់ពិតជាធំណាស់...ភ្ញៀវម្នាក់យ៉ាងហោចណាស់ ក៏ចាយលើសពីកញ្ចប់ទស្សនកិច្ច ពី៣០០ ទៅ៥០០ដុល្លារ។ ក្នុងមួយឆ្នាំ កម្ពុជាទទួលបានភ្ញៀវទេសចរ៦លាននាក់ តើយើងខាតប៉ុន្មាន?»

លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា ការនាំចូលមកកម្ពុជា មានដូចជា ចំណីអាហារ ផ្លែឈើក្រៀម ដែលកម្ពុជាបន្ដការនាំចូល ពីប្រទេសជិតខាង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដូចជា ការបូបដៃ កងដៃ សម្រាប់បងប្អូននារី ស្បែកជើងពាក់នៅផ្ទះ ខោអាវ ក្រមា -ល-។

ជាមួយគ្នានោះ លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា ទោះបីក្រមាសូត្រ កម្ពុជាសំបូរបែបយ៉ាងណាក៏ដោយ ប៉ុន្ដែនៅតែត្រូវការ ការនាំចូលបន្ដទៅទៀត ព្រោះថា ការផលិតរបស់យើង មិនអាចផលិតបាន របស់ដែលមានតម្លៃថោកបានទេ ដល់តែមានតម្លៃថ្លៃ។

លោកស្រី ឆាយ ស៊ីវលីន បានបន្ដថា «ភ្ញៀវខ្លះមកលេងកម្ពុជា មិនចង់បានរបស់ថ្លៃប៉ុន្មានទេ គ្រាន់តែចង់បានរបស់សម្រាប់ផ្ញើជូនមិត្ដភក្ដិ ដូច្នេះគាត់ចង់បានតម្លៃដែលថោក ត្រង់កន្លែងនេះ យើងធ្វើមិនទាន់បានទេ ដែលនេះជាបញ្ហា»

ប្រធានសមាគមរូបនេះក៏បានលើកឡើងថា ហេតុអ្វីបានជាយើងផលិតមិនបាន គេផលិតបាន? ដោយសារតែគេផលិត នៅក្នុងបរិមាណច្រើនខុសពីយើង ព្រោះថា សហគ្រាសរបស់យើងតូច និងមិនទាន់មានការជ្រោមជ្រែង ឲ្យធំនៅឡើយ។

សូមបញ្ជាក់ថា រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ជាង៤លាននាក់ កើនឡើង១០.៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨៕