(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវជំនឿជាក់ថា នៅឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ សម្រេចបានលើសផែនការច្បាប់កំណត់។

ការជឿជាក់នេះ ដោយសារតែត្រឹមតែរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ពន្ធដារប្រមូលចំណូលបានជាង៩៥% នៃផែនការបាត់ទៅហើយ។

ការលើកឡើងយ៉ាងដូច្នេះធ្វើឡើង ក្នុងឱកាសដែលលោក គង់ វិបុល អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថា ស្តីពី«កំណែទម្រង់វិស័យពន្ធដារ» ជូនដល់សិក្ខាកាមវគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី ឆ្នាំ២០១៩ ជាង២០០នាក់ នៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលនៃកំណែទម្រង់ របស់អគ្គនាយកដ្ឋានពន្ធដារ កំណើននៃការប្រមូលចំណូលពន្ធដារ ដែលមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងការគ្រប់គ្រងប្រមូលចំណូលពន្ធ និង អាករសម្រេចបាន និងរក្សាបាននូវកំណើន ចំណូលពន្ធរៀងរាល់ក្នុងរង្វង់ប្រមាណ២០% ក្នុងមួយឆ្នាំ ហើយសម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩នេះ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទសម្រេចបានប្រមាណជាង៩៥.៤២% នៃផែនការប្រចាំឆ្នាំ។ ក្នុងន័យនេះ តាមការរំពឹងទុក អគ្គនាយកដ្ឋានពន្ធដារ នឹងអាចសម្រេចលើសផែនការច្បាប់កំណត់»។

សូមជម្រាបថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួន ២,១៨៣.៦៨ លានដុល្លារអាមេរិក ស្នើនឹង៩៥.៤២% នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៩៕