(ប្រាក, ឆែក)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសឆែក ដែលបានអះអាងជាថ្មី ក្នុងការបន្តគាំទ្រដល់ប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌសហភាពអឺរ៉ុប។

ការថ្លែងអំណរគុណរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញឡើងក្នុងឱកាសដែលសម្តេច ធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក Andrej Babis នាយករដ្ឋមន្ត្រីឆែក ក្រោយពីជំនួបទ្វេភាគី នៅទីក្រុងប្រាក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងបរិបទកម្ពុជា-សហភាពអឺរ៉ុប ខ្ញុំសង្ឈឹមថាប្រទេសឆែក ដែលជាមិត្តចាស់ និងជាមិត្តជិតស្និតរបស់កម្ពុជា នឹងបន្តគាំទ្រកម្ពុជា ដើម្បីធានាថាដំណើររបស់កម្ពុជា ឆ្ពោះទៅកាន់ប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងបន្តទៅមុខទៀត ដោយគ្មានការរាំងស្ទះ។ ខ្ញុំសូមអរគុណឆែក ដែលបានអះអាងជាថ្មី នូវជំហរគាំទ្រកម្ពុជា ក្នុងក្របខណ្ឌសហភាពអឺរ៉ុប»

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចសង្ឃឹមថា បណ្តាប្រទេសនៅអឺរ៉ុប នឹងប្រព្រឹត្តដោយយុត្តិធម៌ចំពោះកម្ពុជា។ សម្តេចរីករាយ ក្នុងការត្រៀមទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឆែក ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្រប ដើម្បីបន្តផ្លាស់ប្តូរយោបល់ និងទស្សនវិស័យរបស់ទាំងពីរ សំដៅពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឆែក ទៅដល់កម្រិតថ្មីមួយ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បង្ហាញក្តីសង្ឈឹមដែរថា នាយករដ្ឋមន្ត្រីឆែក នឹងជួបជាមួយនឹងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គក៏ដូចជានាយករដ្ឋមន្ត្រីឆែក នឹងចូលរួមការឡើងគ្រងរាជ្យ របស់ព្រះចៅអធិរាជប៉ុន ដែលពេលនោះព្រះអង្គ នឹងមានព្រះបន្ទូលជាមួយនាយករដ្ឋមន្រ្តីឆែក ជាភាសារបស់ឆែកតែម្តង៕