(បន្ទាយមានជ័យ)៖ ការចូលសារភាពរបស់អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលមាននិន្នាការ សម រង្ស៉ី និយម ជូនចំពោះសមត្ថកិច្ច បានកើនឡើងច្រើន ដោយសារតែពួកគេមិនចង់ ឱ្យប្រទេសជាតិជួបនឹងភាពវឹកវរជាថ្មីម្តងទៀត។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក សុខ ដារ៉ា អតីតចលនាយុវជន នៃអតីតគណបក្សសង្គ្រោះជាតិ នៅក្រុងប៉ោយប៉ែត បានភ្ញាក់រលឹកចូលមកសារភាពជូនសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្ហាញអំពីផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៉ី។

លោក សុខ ដារ៉ា បានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដែលមានគោលបំណងធ្វើរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងរំលាយរបបរាជានិយម លោកប្រកាសប្រឆាំងបញ្ជារបស់ លោក សម រង្ស៉ី និងក្រុមឧទ្ទាមក្រៅច្បាប់ ដែលកៀរគរប្រជាពលរដ្ឋឱ្យទៅទទួលទណ្ឌិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

លោកបញ្ជាក់ថា «ខ្ញុំបាទមិនចូលរួមជាមួយទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួករបស់គេជាដាច់ខាត ខ្ញុំបាទប្តេជ្ញាចិត្តចូលរួមផ្តល់ព័ត៌មាន ដែលមានទំនាក់ទំនង និងសកម្មភាពក្រៅច្បាប់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនៅមូលដ្ឋានជូនដល់សមត្ថកិច្ច និងអាជ្ញាធរ»

លោក សុខ ដារ៉ា បានអំពាវនាវដល់អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិទាំងអស់ កុំចាញ់ល្បិចញុះញង់របស់ទណ្ឌិត សម រង្ស៉ីតទៅទៀត៕