(កំពង់ចាម)៖ ដំណើរចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានថ្នាក់ដឹកនាំខេត្តក៏ដូចជា ប្រជាពលរដ្ឋនៅទីនោះ បានសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយបានធ្វើការព្យាបាល និងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត៩ពាន់នាក់។

សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស...។ល។

ជាក់ស្តែងនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោក លេង ផាលី ប្រធានគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំកក្រុមគ្រូពេទ្យចំនួន៦០១នាក់ បន្តចុះពិនិត្យ-ព្យបាលជូនប្រជាពលរដ្ឋចំនួន៨,៩៧៩នាក់ នៅសាលាបឋមសិក្សាមហាខ្ញូង ភូមិខ្ញូង លើឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមអធិបតីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ឱកាសនោះ លោក លេង ផាលី បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រៅពីនោះប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺដែលកើតឡើងនារដូវកាលទឹកស្រក់នេះរ និងបានស្នើឲ្យប្រជាពលរដ្ឋគ្រប់រូបគួរមានថ្នាំសង្កូវឲ្យបានគ្រប់គ្រាន់ដាក់នៅក្នុងផ្ទះ ដើម្បីទុកបង្ការការពារនាពេលយប់ព្រលប់។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលមានឧបករណ៍គ្រប់គ្រាន់ និងទំនើបៗ ជាមួយនឹងវេជ្ជបណ្ឌិត រួមនឹងក្រុមគ្រូពេទ្យជំនាញៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការព្យាបាលជូនដល់ប្រជាពលរដ្ឋឲ្យបានជាសះស្បើយ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តក៏បានស្នើដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាមឲ្យញឹកញាប់ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាចស្រយ៉ាល់មួយចំនួនផងដែរ។

ពលរដ្ឋម្នាក់ក្នុងចំនោមប្រជាពលរដ្ឋជិត៩ពាន់នាក់ បានឲ្យដឹងថា រូបគាត់ពិតជាមានភាពសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាច្រើននាក់ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ការដែលក្រុមគ្រូពេទ្យចុះមកពិនិត្យនេះ បានធ្វើឲ្យរូបគាត់ចំណេញច្រើនណាស់ ជាពិសេសបានជួបវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងម្យ៉ាងវិញទៀតនោះ គឺមិនអស់ប្រាក់កាកទៀតផង។

ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានថ្លែងកោតសរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានខិតខំ និងប្រើប្រាស់ពេលវេលា មកពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃដល់រូបគាត់ និងអ្នកជំងឺទាំងអស់។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១២៧នាក់, ជំងឺស្រ្តី២០៩នាក់, ជំងឺផ្លូវចិត្ត២១៧នាក់, ជំងឺឫសដូងបាត២៧៦នាក់, ជំងឺសន្លាក់ឆ្អឹង១៩១នាក់, ជំងឺរលាកសួត២៣១នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៤១២នាក់, ជំងឺភ្នែក៣៦៧នាក់, ជំងឺសើរស្បែក១០៩នាក់, ជំងឺទឹកនោមផ្អែ៣៩៧នាក់, ជំងឺមាត់ធ្មេញ៤១៦នាក់, អេកូសាស្ត្រ១២៦នាក់, វាស់ចង្វាក់បេះដូង៣៥០នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៩៧នាក់ ព្យាបាលរបួសនិងវះកាត់តូច១៧១នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍៦១២នាក់ និងរួមនឹងជំងឺទូទៅចំនួន៤,៣៨៦នាក់៕