(ភ្នំពេញ)៖ មកទល់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ កុមារគ-ថ្លង់ពីកំណើត និងដោយសារជំងឺ ចំនួន៣០នាក់ ដែលមកទទួលបានការវះកាត់ ឱ្យស្ដាប់លឺ​ និងនិយាយបានធម្មតា នៅមន្ទីរពេទ្យព្រះអង្គឌួង ទទួលបានជោគជ័យ១០០%ហើយ។ នេះបើតាមកការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ស្រី វណ្ណថន ប្រធានផ្នែកព្យាបាល ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា «នៅថ្ងៃទី១៣តុលានេះ ដោយមានការសហការជាមួយគ្រូពេទ្យេឯកទេសមកពីសាកលវិទ្យាល័យ Chulalongkorn (ជូឡាឡុងកន) ប្រទេសថៃ យើងបានធ្វើការវះកាត់ ដល់កុមារយើង២នាក់ទៀតហើយ ទទួលបានជោគជ័យ បន្ទាប់ពីយើងវះកាត់ជោគជ័យ និងអាចឱ្យអ្នកជំងឺ ស្ដាប់ និងនិយាយបានធម្មតាចំនួន ២៥នាក់កន្លងមកនេះ ចាប់តាំងពីយើងចាប់ផ្ដើមដំណើរការវះកាត់ជិតមួយឆ្នាំមកនេះ»។

លោកបញ្ជាក់ទៀតថា «សម្រាប់ការវះកាត់ គ-ថ្លង់នេះ គឺមានទាំងកុមារ និងមនុស្សពេញវ័យ តែបើអាយុចាប់ពី ៧-៨-៣ឆ្នាំ ទទួលបានប្រសិទ្ធិភាពខ្ពស់ ដោយអាចស្ដាប់ និងនិយាយបានយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីបំផុត ជាងមនុស្សចាស់ ព្រោះវ័យកាន់តែក្មេង អណា្ដតគាត់ ហ្វឺតហាត់ រលាស់បានលឿន មិនប្រើប្រាស់ពេលវេលាយូរក្នុងការបង្រៀនដូចមនុស្សចាស់នោះទេ។ ដូច្នេះសូមអំពាវនាវដល់អាណាព្យាបាល បើកូនមានស្ថានភាពមិនល្អ មិនអាចនិយាយ ឬស្ដាប់លឺ សូមប្រញាប់យកកូនមកទទួលការវះកាត់ភ្លាមៗ»

ក្នុងឱកាសនោះ គ្រូពេទ្យឯកទេសពីប្រទេសថៃ លោក Permsarp Isipradit បានថ្លែងថា ការវះកាត់ គ-ថ្លង់នេះ គឺប្រើប្រាស់រយៈពេល១-២ម៉ោង។ បន្ទាប់មក ត្រូវបង្រៀនគាត់ឱ្យនិយាយ ដោយប្រើរយៈពេល៦ខែសម្រាប់កុមារ និងយ៉ាងយូរបំផុតមួយឆ្នាំអាចស្ដាប់ និងនិយាយបានច្បាស់ល្អ។ មនុស្សចាស់អាច ប្រើរយៈពេលយូរជាងកុមារបន្ដិច។

ទន្ទឹមនឹងនោះ លោកស្រី លី ហួយ អាណាព្យាបាលរបស់កុមារ គ-ថ្លង់ ដែលបាននាំកូនមកទទួលសេវាវះកាត់នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃនេះ បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ពេលការវះកាត់ទទួលបានជោគជ័យ។

លោកស្រីបានឱ្យដឹងថា «គ្មានអ្វីសប្បាយចិត្ដពេលដឹងថា កូនខ្ញុំនឹងអាចស្ដាប់ និងនិយាយបានក្នុងពេលឆាប់ៗខាងមុខនេះ ខ្ញុំពេញចិត្ដ និងថ្លែងអរគុណ ចំពោះសេវាកម្មរបស់មន្ទីរពេទ្យព្រះអង្គឌួង ដែលមានសេវានេះ ដើម្បីផ្ដល់ឱកាសដល់កុមារគ-ថ្លង់ អាចស្ដាប់ និងនិយាយបានធម្មតាវិញ ក្រោយទទួលការវះកាត់ និងសូមអំពាវដល់អាណាព្យាបាលដទៃទៀត បើកូន គ-ថ្លង់ ត្រូវប្រញាប់បញ្ជូនកូន មកវះកាត់ទាន់នៅក្មេង នឹងទទួលបានប្រសិទ្ធិភាពលឿន»

សូមជម្រាបថា បន្ទាប់ពីមានការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ និងថៃ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ចំនួន២៧នាក់ហើយ ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% បើគិតពីថ្ងៃទីបើកដាក់ដំណើរការកាលពីចុងឆ្នំា២០១៨មក, និងបានបើកមជ្ឈមណ្ឌលបង្រៀនអ្នកគ-ថ្លង់ ព្រះអង្គឌួង Severance និង KT នៃក្តីសង្ឃឹម កាលពីដើមឆ្នាំ២០១៩នេះ៕