(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមប្រកាសបដិសេធ និងថ្កោលទោសដាច់អហង្ការចំពោះម្ចាស់ គណនីឈ្មោះ Som Sovon ដែលបង្ហោះនូវព័ត៌មានក្លែងក្លាយ ប្រឌិត មូលបង្កាច់ ញុះញង់ ក្នុងន័យបំបែកបំបាក់ សាមគ្គីឯកភាពផ្ទៃក្នុងកងទ័ព និងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលនេះជាដាច់ខាត។

កងរាជអាវុធហត្ថ បានឃើញការចុះផ្សាយនៅលើហ្វេសប៊ុក គណនីឈ្មោះ Som Sovon នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ប្រហែល៥ម៉ោងមុននេះដែលមានខ្លឹមសារ ថា «ថ្ងៃនេះមេបញ្ជាការពីរូបទៀតហើយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស។ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង ទទួលបន្ទុកការពារព្រំដែន បានផ្តាច់ខ្លួនចូលរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សម សេរី»

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា៖ «ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការបដិសេធ និងថ្កោលទោសដាច់អហង្ការចំពោះម្ចាស់គណនីឈ្មោះ Som Sovon ដែលបានបង្ហោះនូវព័ត៌មានក្លែងក្លាយ ប្រឌិត មូលបង្កាច់ ញុះញង់ ក្នុងន័យបំបែកបំបាក់សាមគ្គី ឯកភាពផ្ទៃក្នុងកងទ័ព។ កងរាជអាវុធហត្ថ នឹងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសនេះជាដាច់ខាត»

អាស្រ័យដូចបានរៀបរាប់និងជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប៕