(ភ្នំពេញ)៖ ការប្រកួត Mobile Legends: Bang Bang 2019 នៅប្រទេសកម្ពុជា បានរកឃើញម្ចាស់ជើងឯកហើយ ដែលបានទៅលើក្រុម Impunity KH ក្លាយជាក្រុមតំណាងឲ្យកម្ពុជា ដើម្បីទៅប្រកួត នៅទីក្រុងកូឡាឡាំពួរ ក្នុងខែវិច្ជិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ការប្រកួតនេះ បានរៀបចំធ្វើឡើង នៅផ្សារទំនើបអ៊ីអន២ សែនសុខ នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនឧបត្ថម្ភ ក្នុងការប្រកួតនេះ បានថ្លែងថា «លោករំពឹងថា អ្នកលេងហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។ តាមរយៈពេលការបញ្ជូន អ្នកមានសមត្ថភាពតំណាងជាតិ ទៅចូលរួមនេះផងដែរ ពួកយើងរំពឹងថា នឹងមានអ្នកចូលរួម ក៏ដូចជាអ្នកទស្សនាយ៉ាងច្រើនកុះករ»

លោក វ៉ាតសុន បានបន្តទៀតថា «សហគមន៍ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ចំណុចមួយ ដែលធ្វើឲ្យការប្រើប្រាស់ទិន្នន័យចល័ត ក៏កើនឡើងទន្ទឹមគ្នាផងដែរ។ យើងជឿជាក់ថា មានអ្នកលេងហ្គេម ប្រមាណ ជាង១.៥លាននាក់នៅកម្ពុជា ហើយយើងក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដងនាពេលអនាគត»

សូមជម្រាបថា ក្រុម Impunity KH ដែលជាក្រុមតំណាងឲ្យកម្ពុជា នឹងត្រូវទៅប្រកួត នៅទីក្រុងកូឡាឡាំពួរ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែវិច្ជិកា ឆ្នាំ២០១៩។ ជើងឯកពិភពលោក ចូលរួមដោយក្រុម MLBB លំដាប់ចំនួន១៦ ដែលមកពី១៣ប្រទេស ប្រកួតគ្នាដណ្តើមយករង្វាន់ទឹកប្រាក់ ចំនួន២៥ម៉ឺនដុល្លារ៕