(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បុរស-នារីនៅពេល​ដល់នីតិភាព (អាយុ១៨ឆ្នាំ) ពួកគេ​ត្រូវរៀប​អាពាហ៍ពិ​ពាហ៍ដើម្បីប​ង្កើតគ្រួសារ និងចុះបញ្ជី​អាពាហ៍ពិ​ពាហ៍​នៅចំពោះ​មុខមន្រ្តីអត្រា​នុកូលដ្ឋាន រួមរស់​ជាមួ​យគ្នា​ក្នុង​ស្ថានភា​ពជា សហព័ទ្ធ ប៉ុន្តែមាន​បុរស-​នារីមួ​យចំនួនទៀ​តកំ​ពុងរ​ស់នៅជាមួយគ្នា​ដោយមិ​នបា​នរៀប​ពាហ៍​ពិពាហ៍ ឬបានរៀប​ចំពិធីអាពាហ៍​ពិពាហ៍​ទៅតាមប្រពៃណី ទំនៀមទំ​លាប់ដែរ ប៉ុន្តែ​មិនបានចុះបញ្ជីអា​ពាហ៍ពិ​ពាហ៍ ដោយរ​ស់​នៅជា​មួយ​គ្នាក្នុ​ងស្ថា​នភាព​ជាអនី​តិស​ង្វាស។

បុរស-នារី ដែលរួម​រស់ជា​មួយ​គ្នារាល់ថ្ងៃក្នុងស្ថានភាពជាសហព័ទ្ធ ឬអនីតិសង្វាស រមែងតែ​ងប៉ះ​ទង្គិចគ្នា ដូចពាក្យ​ចាស់ពោលថា​ «ចានក្នុងរាវ​គង់​តែនឹ​ងរណ្តំ​គ្នា» ដោយ​មួយចំនួន​មានកា​រយោគយ​ល់​ចេះអធ្យាស្រ័យ​ឱ្យគ្នា​ទៅវិញ​ទៅមក និងមា​នមួយចំនួន​ទៀតមិនបានគិត​គូរវែងឆ្ងា​យរហូត​ឈាន​ទៅដល់កា​រប្រើប្រាស់​អំពើ​ហិង្សា​តែម្តង។

ដើម្បីយល់កាន់​តែច្បាស់​ថា តើការប្រើប្រាស់​អំពើហិង្សា​ប្រព្រឹត្តដោយស​ហព័ទ្ធ ឬអនីតិសង្វាសជន មានទោសទណ្ឌកម្រិ​តណា? ដូច្នេះសម្រាប់កម្មវិធីយ​ល់ដឹង​ផ្នែក​ច្បាប់​ក្នុងស​ប្តាហ៍​នេះ ក្រោមកិច្ចស​ហការរវាង​អង្គភាព​ព័ត៌មាន FRESH NEWS ជាមួយ​ក្រុមមេ​ធាវីកម្ពុជាសហ​ប្រតិបត្តិការអ​ន្តរជាតិ នឹងធ្វើកា​របង្ហាញជូនប​ងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖

ដើម្បីយល់ជ្រាបអំពីកម្រិត​ទោសនៃ​បទល្មើស​ខាងលើនេះ យើងត្រូវយល់នូវពាក្យសហព័ទ្ធ និងអនីតិសង្វាស។ សហព័ទ្ធសំ​ដៅលើ ប្តី ឬប្រពន្ធ ឬទាំងប្តី ទាំង​ប្រពន្ធដែ​លទទួ​លបាន​ឋានៈ​ជាសហ​ព័ទ្ធនេះ ក្រោយពី​បានចុះ​បញ្ជីអាពាហ៍ពិពាហ៍​ត្រឹមត្រូវ​តា​មច្បាប់ រីឯពាក្យ​អនីតិសង្វាស សំដៅដ​ល់ស្ថានភាពបុរស-នារីរស់នៅជាមួយគ្នា ប៉ុន្តែមិនបានចុះបញ្ជី អាពាហ៍ពិពាហ៍។

បុរស-នារី ទោះបីរស់នៅក្នុងស្ថានភាពណាមួយក៏ដោយ ត្រូវចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ប៉ុន្តែក្នុង​ករណីភាគី​ណា​មួយបំពារ​បំពាន​ដោ​យប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​រូបរាងកាយទៅលើភា​គី​ម្ខាងទៀត នោះភាគីបង្កនឹ​ងត្រូ​វទទួលទោស តាមមាត្រា២២២ នៃក្រមព្រ​ហ្មទណ្ឌ ដែលបា​នបញ្ញត្តិថា «អំពើហិង្សាប្រព្រឹត្តដោយ​សហព័ទ្ធ ឬ អនីតិស​ង្វាសជន» ដែលកើត​ឡើងដោ​យ​ចេតនា ត្រូវផ្ដន្ទា​ទោសដា​ក់ពន្ធនាគារ​ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះ ប្រព្រឹត្ត​ដោយ សហព័ទ្ធ ឬអនី​តិស​ង្វាស​ជនរបស់ជនរងគ្រោះ។

បើយើងពិនិត្យមើ​ល​លើកម្រិតទោស និងការ​ពិន័​យ​ជាប្រាក់ នៃអំពើ​ហិង្សាប្រព្រឹត្តដោយ​សហព័ទ្ធ ឬអនីតិសង្វាសជន គឺមានកម្រិត​ទោសធ្ងន់ជា​ង បទហិង្សា​ដោយចេតនា (លើកលែងក្នុ​ងករណី​មាន​ស្ថានទម្ងន់ទោស) ដែល​ត្រូវផ្តន្ទាទោស​ដាក់ពន្ធនា​គារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និង​ពិន័យ​ជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ។

ការកំណត់ទោសទណ្ឌ អំពើហិង្សា​ប្រព្រឹត្តដោយស​ហព័ទ្ធ ឬអនីតិសង្វាសជន ធ្ងន់ជាងបទ​ហិង្សាដោយចេតនា គឺក្នុងគោលបំណ​ងធ្វើ​ការអប់រំ និងលុបបំបាត់អំ​ពើហិង្សាក្នុង​គ្រួសារ ដែលបានបង្កឱ្យ​មានផលប៉ះពាល់​ដល់សេដ្ឋកិច្ច​គ្រួសារ សង្គមជាតិ និងធ្វើឱ្យ​ប៉ះពាល់​ដល់សណ្តាប់ធ្នា​ប់សាធារណៈ ជាពិសេសប៉ះពាល់ដល់សតិអារម្មណ៍ ព្រម​ទាំ​ងអនាគតរបស់កុ​មារទៀតផង។

យោងតាម​មាត្រា២២៩ នៃក្រមព្រហ្មទណ្ឌ ទោស​បន្ថែម ប្រភេទ និងរ​យៈពេល​អាចត្រូវបាន​ប្រកាសដូចតទៅ៖

១. ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងតិច ។
២. ការហាមឃាត់​ចំពោះ​ការប្រ​កប​វិជ្ជាជីវៈ កាលបើបទល្មើស​ត្រូវបាន​ប្រព្រឹត្ត​នៅក្នុង​ការប្រកបវិជ្ជាជីវៈ ឬនៅក្នុង ឱកា​សនៃ​ការប្រកបវិជ្ជា​ជីវៈ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
៣. ការហាមឃាត់ចំពោះការស្នាក់នៅ សម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ យ៉ាងច្រើន ចំពោះបទឧក្រិដ្ឋ ឬសម្រាប់ រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ចំពោះបទមជ្ឃិម ។
៤. ការហាមឃាត់ដល់ទណ្ឌិត​បរទេស​ចំពោះការចូល ឬការស្នា​ក់នៅក្នុង​ដែនដី នៃព្រះរា​ជាណាចក្រកម្ពុជា ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
៥. ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុដទៃទៀត ដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅ ប្រព្រឹត្តបទល្មើស ។
៦. ការហាម​ឃា​ត់ចំពោះ​ការកាន់កាប់ ឬការយក​តាមខ្លួ​ននូវ​អាវុធ គ្រឿងផ្ទុះ និងគ្រាប់​រំសេវ​គ្រប់ប្រ​ភេទ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
៧. ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន ។
៨. ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន ។
៩. ការផ្សាយ​សេចក្ដី​សម្រេច​ផ្ដន្ទា​ទោស តាមគ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោតទ​ស្សន៍ សម្រាប់​រយៈពេល ៨(ប្រាំបី) ថ្ងៃ យ៉ាងច្រើន ។

សរុបមក អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬអនីតិសង្វាសជន នៅក្នុងក្រម​ព្រហ្មទណ្ឌ ឆ្នាំ២០០៩ ត្រូវបានបញ្ញត្តិ យ៉ាងច្បាស់​លាស់​ក្នុងការកំណ​ត់​ផ្តន្ទាទោស និងទោស​ពិន័យ ទៅលើ​ជនបង្ក​ដែលបា​នធ្វើឱ្យប៉ះពា​ល់សណ្តាប់​ធារណៈ សង្គម​គ្រួសារ ព្រមទាំង​ក្មេង​ជំនាន់​ក្រោយ និងក្នុង​គោលដៅបង្ការ អ​ប់រំ កុំឱ្យបទល្មើស​នេះកើ​តទ្បើងបន្តទៀត​ ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕