(មណ្ឌលគិរី)៖ មនុស្សចំនួន៨នាក់ ដែលជាកម្មករ របស់ឧកញ៉ា ស្រី ចន្ធូ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនពាក់ព័ន្ធការធ្វើសកម្មភាព ដាំបង្គោលថ្មព័ទ្ធយកដីចំការស្រល់របស់រដ្ឋ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានប្រាប់ Fresh News ប្រចាំខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះថា ពិតជាមានការឃាត់ខ្លួនមនុស្ស៨នាក់នេះពិតមែន ដោយមន្ត្រីជំនាញសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង។

លោក អ៊ុំ វណ្ណសុភៈ បានឱ្យដឹងថា មនុស្សដែលឃាត់ខ្លួនទាំង៨នាក់នេះ មានម្នាក់ជាមេការម្មោះ ជួង សុភារុណ ហើយជាមនុស្សជំនិតរបស់ឧកញ៉ា ស្រី ចន្ធូ។

នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានឱ្យដឹងទៀតថា មនុស្សទាំង៨នាក់នេះ បានដាំបង្គោលរបងថ្មព័ទ្ធរបងលួស និងដាំដើមផ្កាលំអរ ដើម្បីហ៊ុមព័ទ្ធយកដីចំការស្រល់របស់រដ្ឋ នៅខាងមុខទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី និងរឹបអូសវត្ថុតាងបានរថយន្តកូរ៉េ ១គ្រឿង (រក្សាទុកនៅស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី) ម៉ូតូ ៤គ្រឿង ដែកត្បែងជីកដី១ និងកាំបិតផ្គាក់ ២ផ្លែ (រក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង)។

បន្ទាប់ពីបានសាកសួរលោក ជួង សុភារុណ មេការបានឆ្លើយថា ដីនេះជាដីរបស់លោក ស្រី ចន្ធូ ដែលគាត់បានទិញពីប្រជាពលរដ្ឋនៅស្រុកអូររាំង។ បច្ចុប្បន្ន ក្រុមការងារបានយកជនសង្ស័យចំនួន០៨នាក់ កំពុងបន្តនិតិវិធីបន្តតទៅទៀត។

មហាជនកំពុងរង់ចាំមើលថា បើសិនលោកឧកញ៉ា ស្រី ចន្ធូ ដែលមានលុយកាក់ច្រើនសន្ធឹកសន្ធាប់ មានការឃុតឃិត ជាមួយអាជ្ញាធរស្រុកអូររាំង ក្នុងការទិញលក់ដីរដ្ឋចំការស្រល់របស់រដ្ឋ និងដីក្រុមហ៊ុន ដោយខុសច្បាប់មែន តើមន្រ្តីអនុវត្តនៅខេត្តមណ្ឌលគិរី ច្បាប់អាចចាត់វិធានការណ៍ទៅលើ ឧកញ៉ា ស្រី ចន្ធូ និងមន្រ្តីមួយចំនួន ដែលបានឃុបឃិតគ្នានៅស្រុកអូររាំងបានឬទេ?

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់អង្គភាព Fresh News ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា រដ្ឋបាលសាលាខេត្តមណ្ឌលគិរី កន្លងមករូបលោកផ្ទាល់ និងកងកម្លាំងគ្រប់ប្រភេទ រួមទាំងមន្រ្តីជំនាញ បានចុះដល់ទីតាំងមួយចំនួន បានធ្វើការដកបង្គោលរបង និងបំផ្លាញចោល ចំពោះការលួចបោះបង្គោលរបងពីក្រុមឈ្មួញខិលខូចមួយចំនួន ដែលលួចបោះបង្គាលក្នុងដីរដ្ឋ និងដីក្រុមហ៊ុនយកធ្វើកម្មសិទ្ធិខ្លួន និងរឹបអូសយកដីនោះមករក្សាទុកជាសម្បត្តិរដ្ឋ និងកម្មសិទ្ធិរបស់ក្រុមហ៊ុន រាប់ពាន់ហិកតាវិញ ហើយដោយរដ្ឋបាលសាលាខេត្តមណ្ឌលគិរីស្រាវជ្រាវឃើញថា
មានឯកសារខ្លះមិនមានភាពប្រក្រតី។

លោកអភិបាល បានព្រមានចំៗ ធ្ងន់ៗ ដល់មន្រ្តីសាលាស្រុក ឃុំ សង្កាត់ ទូទាំងខេត្តមណ្ឌលគិរីមួយចំនួន ដែលបានឃុបឃិតជាមួយ អ្នកមានលុយ ឬជាឧកញ៉ា ដែលបានផ្តល់ជាឯកសារ កាន់កាប់មិនប្រក្រតីទៅឲ្យអ្នកទិញ ឬលក់ បើសិនជាក្រោមការស្រាវជ្រាវរកឃើញ ពីមន្រ្តីអនុវត្តច្បាប់ថា ពិតមានកំហុស មន្រ្តីទាំងនោះត្រូវប្រឈមទៅរកទោសទណ្ឌ។

លោកអភិបាលខេត្ត កំពុងបញ្ជាឲ្យមន្រ្តីជំនាញធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះមនុស្សដែលឃាត់ខ្លួនទាំង៨នាក់ខាងលើថា ជាមេការរបស់បុគ្គលណា ឬឧកញ៉ាមួយណា ដែលជាមេខ្លោង នៅខាងក្រោយខ្នងនៃរឿងហ្នឹង៕