(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប​លឿន​ដូច​ហោះ ​ទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៤ទៀបភ្លឺ ​ថ្ងៃ​ទី១៣ ខែតុលា ​ឆ្នាំ២០១៩ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងសង្កាត់​បឹង​រាំង ​ខណ្ឌ​ដូនពេញ ​រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន​នារី​រូប​ស្រស់​ពីរ​នាក់ បាន​រួម​ដំណើរ​ជាមួយបុរស​ជនជាតិ​ចិន​ម្នាក់ ជា​អ្នក​បើករថយន្តស៊េរីទំនើបមួយ​គ្រឿង​ម៉ាក​ MERCEDES GL450 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2H-9889 ដោយ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ​លុះ​មក​ដល់​ចំណុច​ស្តុប​ប្រាសាទ​ពេជ្រ ​ដោយ​រថយន្ត​លឿន​ពេក​​ក៏​ជ្រុល​បុក​របាំ​ង​ថ្ម​ទ្រូង​ផ្លូវ​ចំពេញ​ទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​យ៉ាង​ដំណំ និង​របាំង​ថ្ម​រង​ការ​ខូចខាត​ពីរ​ផ្ទាំងផង​ដែរ​​។ ចំណែក​ឯ​នារី​ម្នាក់​បាន​​រង​របួសត្រូវ​ចំជើង ​​​ត្រូវ​បាន​ដឹកតាមរ៉ឺម៉កម៉ូតកង់បី ​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​​ផង​ដែរ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន ​បាន​ចុះ​មក​ដល់រួច​ធ្វើ​ការ​ទាក់ទង ​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ​ដើម្បី​ចុះ​មក​ធ្វើការ​វាស់​វែង ​និង​ស្ទូច​យក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ​នៅ​ពេល​ក្រោយ។

ដោយឡែកករណីមួយផ្សេងទៀត គឺករណីបើករថយន្តស៊េរីទំនើប បុករបាំងថ្មចែកទ្រូងផ្លូវដែរ ដោយបុរស​ម្នាក់​បើក​រថយន្ត​ស៊េរី​ទំនើប​យ៉ាងលឿន​ ទៅបុក​របាំ​ង​ថ្ម​ចែកទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត ​និង​របាំង​ថ្ម​រង​ការ​ខូចខាត​យ៉ាង​ដំណំ​​ តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង ​នៅ​វេលា​ម៉ោង​ជាង​១យប់ឈានចូល​ថ្ងៃ​ទី​១៣ ខែ​តុលា ​ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ចំណុច​ស្តុប​ក្ដាន់​ពីរ​ដែល​ស្ថិត​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ RANGE ROVER VELAR ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BB-1777​ បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ទិស​ដៅ​ពី​កើត​​ទៅ​លិច​ ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​ដោយ​រថយន្ត​ខាង​លើបើក​បរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ទ្រូង​ផ្លូវ​ចំពេញ​មួយ​ទំហឹង​ ​បណ្ដាល​ឲ្យ​​របាំង​ថ្ម​ពីរ​ផ្ទាំងរង​ការ​ខូចខាត​យ៉ាង​ដំណំ​។

ចំណែក​ឯ​រថយន្ត​វិញ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទៅ​មុខ​លែង​រួច​​។ ភ្លាម​ៗ​នោះ​គេ​ឃើញ​អ្នក​បើក​រថយន្ត​ខាង​លើ​ បាន​រត់​ចុះ​ពី​រថយន្ដ​គេច​ខ្លួន​បាត់​ស្រមោល​ ពី​កន្លែង​កើត​ហេតុ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ចុះ​មក​ដល់​រួច​ធ្វើ​ការ​ទាក់ទង ​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ ដើម្បី​ចុះ​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ នៅ​ពេល​ក្រោយ​៕