(សៀមរាប)៖ ប្រាសាទបាយ័ន ជាប្រាសាទដែលភ្ញៀវទេសចរតែងនិយមទៅទស្សនាមិនដែលដាច់ ហើយនាពេលខាងមុខនេះ តួប៉មមួយចំនួននៅជាន់ទី៣នៃប្រាសាទដ៏ស្កឹមស្កៃនេះ នឹងមានសកម្មភាពជួសជុលអភិរក្សពីអ្នកជំនាញ ប៉ុន្តែអាជ្ញាធរជាតិអប្សរាបានអះអាងថានឹងរៀបចំផ្លូវទស្សនាថ្មី និងសម្រួលយ៉ាងណាឱ្យភ្ញៀវទេសចរនៅតែអាចចូលទស្សនាបានដដែល។

ខណៈការជួសជុលកាន់តែខិតជិតមកដល់នោះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោកអគ្គនាយក ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ រួមជាមួយក្រុមការងារ JASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានចុះពិនិត្យដោយផ្ទាល់នូវទីតាំងរៀបចំផ្លូវទស្សនាថ្មី នៅប្រាសាទបាយ័នខាងលើ។

វង់ទស្សនានោះនឹងត្រូវរៀបចំឡើងដោយក្រុមការងាររបស់នាយកដ្ឋានជំនាញពាក់ព័ន្ធមួយចំនួន នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងយកផែនទីវង់ទស្សនានេះដាក់ពិនិត្យឆ្លងយោបល់អ្នកជំនាញ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាពេលខាងមុខ។

គួរបញ្ជាក់ថា គម្រោងជួសជុលតួប៉មមួយចំនួននៅជាន់ទី៣ នៃប្រាសាទបាយ័ន ត្រូវបានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អនុម័តឯកភាពឲ្យជួសជុលក្នុងកិច្ចប្រជុំ នាពេលកន្លងមក និងផ្នែកខ្លះនៃប្រាសាទបាយ័ននឹងត្រូវបិទដើម្បីដំណើរការជួសជុលអភិរក្ស។

ដោយសារប្រាសាទបាយ័ន ជាប្រាសាទដែលភ្ញៀវទេសចរតែងនិយមចូលទៅទស្សនាមិនដែលដាច់នោះ អាជ្ញាធរជាតិអប្សរាមានការចាំបាច់ត្រូវសិក្សាអំពីផែនទីហានិភ័យ និងរៀបចំវង់ទស្សនាថ្មីមួយ ដែលអនុញ្ញាតឲ្យភ្ញៀវអាចទស្សនាប្រាសាទបាយ័នបានហើយ សកម្មភាពជួសជុលក៏អាចប្រព្រឹត្តទៅដោយរលូនបានថែមទៀត៕