(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ តាមរយៈអ្នកនាំពាក្យរបស់អាជ្ញាធរមីន បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូអាជ្ញាធរមីន និងអង្គភាព NPMEC ដែលដឹកនាំដោយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីតំណាងក្រសួងការបរទេស និងក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។

គណៈប្រតិភូកម្ពុជាបានអញ្ជើញ ទៅទស្សនាការបង្ហាញបច្ចេកវិទ្យា និងសម្ភារថ្មីៗ សម្រាប់វិស័យសកម្មភាពមីន នៅ China Aerospace and Science Corporation និងបានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងពីធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសបោសសម្អាតមីន ជំនាន់ទី៥ ដល់មន្រ្តី/បុគ្គលិករបស់អាជ្ញាធរមីន និងអង្គភាព NPMEC នៅសាកលវិទ្យាល័យ វិស្វកម្មកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។

នាឱកាសនោះផងដែរ ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីចិន បន្តគាំទ្រដល់ផែនការយុទ្ធសាស្រ្តជាតិ វិស័យសកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នាពេលកន្លងមកនេះ ដោយលោកបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន ដែលបានដាក់ចេញនេះ គឺជាមហិច្ឆតាដ៏ធំមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម នៅក្នុងប្រទេសកម្ពុជា ពីព្រោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានលះបង់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា បានដោយជោគជ័យ ហើយសម្តេចមិនចង់ឃើញប្រជាពលរដ្ឋខ្មែរ នៅតែបន្តរងគ្រោះដោយសារបញ្ហាសំណល់ពីសង្រ្គាមនេះទៀតឡើយ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះថា នៅពេលត្រឡប់ទៅកម្ពុជាវិញ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រើប្រាស់ជំនាញ ដែលបានពីវគ្គបណ្តុះបណ្តាលនេះទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ជាពិសេស ត្រូវចូលរួមរក្សាសន្តិភាព សន្តិសុខសុវត្ថភាពសង្គម និងផលប្រយោជន៍ជាធំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន៕