(ភ្នំពេញ)៖ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ រស់ គឹមសៀង អតីតប្រធានយុវជនចលនាសង្គ្រោះជាតិខេត្តកំពង់ធំ សមាសភាពដែលទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលផែនការពីទណ្ឌិត សម រង្ស៉ី ដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារ គឺជាមុខសញ្ញារបស់សមត្ថកិច្ច។

លោក គឹម សន្ដិភាព បានថ្លែងយ៉ាងដូច្នេះថា «យោងតាមភស្តុតាង និងសម្តីសារភាពរបស់ឈ្មោះ រស់ គឹមសៀង អតីតប្រធានយុវជនចលនាសង្គ្រោះជាតិ ខេត្តកំពង់ធំ ដែលជាជនត្រូវចោទ១រូប ក្នុងសំណុំរឿងរួមគំនិតក្បត់ ក្នុងផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម បានបញ្ជាក់អោយឃើញអំពីឧបាយកលឧក្រិដ្ឋ របស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក ក្នុងការអនុវត្តផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម ដោយដាក់ចេញនូវវិធានអនុវត្តដល់ក្រុមសកម្មជនខ្លួន ដើម្បីឈានដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំនៅថ្ងៃទី០៩ ខែវិច្ឆិកា បានសម្រេចឲ្យខានតែបាន។

អ្នកទាំងអស់ដែលបានចូលរួមទៅទទួលយកផែនការពីទណ្ឌិត សម រង្ស៊ី និងបក្សពួក នៅប្រទេសម៉ាឡេស៊ីកន្លងទៅនេះ គឺជាសមាសភាពពាក់ព័ន្ធ នឹងអំពើរួមគំនិតក្បត់ ក្នុងការអនុវត្តផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម។ ហេតុនេះស្ថាប័នអយ្យការ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីចាត់វិធានការអនុវត្តច្បាប់លើមុខសញ្ញាទាំងនេះ ដើម្បីរារាំង និងបំផ្លាញចោលអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខ នៃរដ្ឋមួយនេះ ធានារក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម»

សូមជម្រាបថា លោក រស់ គឹមសៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីដើម ខែតុលា ឆ្នាំ២០១៩។ ក្រោយមក លោកបានសារភាពទោសកំហុសគ្រប់បែបយ៉ាង ព្រមទាំងបានស្ម័គ្រចិត្តធ្វើជាសាក្សី អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី និងបក្ខពួក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចដោះលែងរូប លោក រស់ គឹមសៀង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានអំពាវនាវដល់អ្នកគាំទ្រ និងសកម្មជន នៃអតីតបក្សប្រឆាំងទាំងអស់ កុំឱ្យចាញ់ឧបាយកលទុច្ចរិតរបស់ លោក សម រង្ស៉ី និងបក្ខពួក ដែលអាចនឹងនាំពួកគេទៅរកគ្រោះថ្នាក់នៅពេលខាងមុខ។

ការអំពាវនាវរបស់ អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីរូបគេបានចូលសារភាពទោសកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕