(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា ក្នុងនាមជាគ្រូពេទ្យ ត្រូវតែអភិវឌ្ឍចំណេះដឹងប្រកបដោយសមត្ថភាពខ្ពស់ និងមានភាពរឹងមាំ ប្រកបដោយវិជ្ជាជីវៈ ទើបសង្គ្រោះ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ។

ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ ក្នុងសន្និសីទ រោគកុមារលើកទី១ ក្រោមប្រធានបទ «ការចែករំលែកបទពិសោធន៍នៃការអនុវត្តការថែទាំព្យាបាលជំងឺ ទារក និងកុមារ របស់មន្ទីរពេទ្យកុមារជាតិ» នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារភ្នំពេញ។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងបន្ដថា «ក្នុងនាមយើងជាគ្រូពេទ្យ ត្រូវតែមានសមត្ថភាព រឹងមាំ ភាពច្បាស់លាស់ បន្ដពង្រីក និងពង្រឹងចំណេះដឹង ដោយធ្វើយ៉ាងណាឱ្យទាន់សម័យបច្ចេកវិទ្យា ដើម្បីកុំបង្កឱ្យមានបញ្ហាដល់អ្នកជំងឺ»

លើសពីនោះ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ដូច្នេះ ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ យើងនៅតែបន្ដជំរុញ និងពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ ជាមួយនឹងការបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបៗ។ ជាពិសេស បណ្ដុះបណ្ដាល និងរៀបចំសន្និសីទ ឬសិក្ខាសាលា ចែករំលែកបទពិសោធន៍ការងារ នៃការពិនិត្យ ព្យាបាល និងការថែទំា។ ជាពិសេសការទទួលយកបទពិសោធន៍ពីគ្រូពេទ្យឯកទេស ពីបណ្ដាប្រទេស ដូចជា បារំាង ជប៉ុន ថៃ កូរ៉េ អាមេរិក អង់គ្លេស ម៉ាឡេស៊ី ចិន និងបណ្ដាប្រទេសផ្សេងទៀត»។

ជាងនេះទៅទៀតលោកសាស្រ្ដាចារ្យបានថ្លែងបញ្ជាក់ថា សម្រាប់គ្រូពេទ្យព្យាបាលកុមារ និងទារក ត្រូវតែមានសមត្ថភាពពេញលេញ ដើម្បីទទួលបាននូវការព្យាបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ កាត់បន្ថយអត្រាឈឺ និងស្លាប់របស់កុមារ ឱ្យកាន់តែថយចុះថែមទៀត។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ញឹម អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានលើកឡើងផងដែរថា វិជ្ជាជីវៈពេទ្យគ្រប់ជំនាញទាំងអស់ មិនមែនរៀនចប់នៅសាលាហើយ ឈប់រៀននោះទេ គឺត្រូវរៀនជារៀងរហូតទាក់ទិននឹងរបកគំហើញ ដែលអ្នកវិទ្យាសាស្ត្ររកឃើញថ្មីៗដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្ពស់។

លោកវេជ្ជបណ្ឌិតសង្ឃឹមថា តាមរយៈសន្និសិទនេះ នឹងធ្វើអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ និងអ្នកពាក់ព័ន្ធនានា ទទួលបាននូវចំណេះដឹង និងព័ត៌មានថ្មីៗអំពីសុខុមាលភាពរបស់ទារក និងកុមារនៅកម្ពុជា និងសាកលលោក សំដៅចូលរួមចំណែកការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ កាត់បន្ថយពិការភាព ដែលបណ្តាលមកពីជំងឺផ្សេងៗ និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារ៕