(ភ្នំពេញ)៖ លោក រស់ គឹមសៀង អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អ្នកគាំទ្រ និងសកម្មជន នៃអតីតបក្សប្រឆាំងទាំងអស់ កុំឱ្យចាញ់ឧបាយកលទុច្ចរិតរបស់ លោក សម រង្ស៉ី និងបក្ខពួក ដែលអាចនឹងនាំពួកគេទៅរកគ្រោះថ្នាក់នៅពេលខាងមុខ។

ការអំពាវនាវរបស់ អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីរូបគេបានចូលសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Fresh News លោក រស់ គឹមសៀង បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ទូទាំងប្រទេសកម្ពុជា ជាពិសេសមិត្តដែលធ្លាប់ធ្វើការជាមួយខ្ញុំកន្លងមក ហើយស្គាល់ ជាពិសេសកម្លាំងយុវជន សូមបងប្អូនទាំងអស់ កុំស្តាប់តាមការបំផុសបំផុល អំពាវនាវរបស់ លោក សម រង្ស៉ី កាលណាសមត្ថកិច្ចចាប់ខ្លួនដូចជារូបខ្ញុំ អស់លោកប្រាកដជា មានសេចក្តីវេទនាជាក់ជាមិនខាន»។

លោក រស់ គឹមសៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីដើម ខែតុលា ឆ្នាំ២០១៩។ ក្រោយមក លោកបានសារភាពទោសកំហុសគ្រប់បែបយ៉ាង ព្រមទាំងបានស្ម័គ្រចិត្តធ្វើជាសាក្សី អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី និងបក្ខពួក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចដោះលែងរូប លោក រស់ គឹមសៀង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

ក្នុងបទសម្ភាសជាមួយ Fresh News អតីតប្រធានចលនាយុវជន បានសម្តែងការសោកស្តាយ ដែលបានធ្លាយចូលក្នុងឧបាយរបស់ លោក សម រង្ស៉ី ហើយអះអាងថា តាំងពីត្រូវបានចាប់ខ្លួន មិនមានថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិណាម្នាក់ បានចូលមកជួយលោកទេ។

លោកបញ្ជាក់ថា៖ «ជាក់ស្តែងសម្រាប់រូបខ្ញុំផ្ទាល់ ពេលដែលត្រូវបានចាប់ខ្លួន មិនមាននរណាទាំងអស់ ដែលជាអតីតគណបក្សសង្រ្គោះជាតិចេញមុខមកជួយខ្ញុំទេ មានតែខ្លួនខ្ញុំផ្ទាល់ ដែលជាអ្នកជួយខ្លួ នឯង ដើម្បីឱ្យរួចពីកំហុសក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ជាពិសេសបញ្ហាជីវភាពគ្រួសារក៏កាន់តែប្រឈមមុខយ៉ាងខ្លាំង ព្រោះអត់មាននរណាគេមើលឃើញថា ព្រោះខ្ញុំជាបង្គោលក្នុងគ្រួសារ»។

លោក រស់ គឹមសៀង បានទៅទទួលយកផែនការក្បត់ពី លោក សម រង្ស៉ី , លោក អេង ឆៃអ៊ាង និងលោកស្រី មូ សុខហួរ នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩។ លោកត្រូវបាន លោក សម រង្ស៉ី ដាក់ផែនការ៣ចំណុចដូចជា ឱ្យលោកផ្សព្វផ្សាយកាលបរិច្ឆេទត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ លោក សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឱ្យលោកប្រមូលថវិកាគ្រប់មជ្ឈដ្ឋាន ដើម្បីរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋ និងឱ្យកៀរគរកម្លាំងឱ្យបានច្រើន ដោយត្រូវប្រមូលយុវជនឱ្យបាន១០០នាក់ ហើយឱ្យម្នាក់ពួកគេម្នាក់ៗកៀរគរយុវជនឱ្យ១០នាក់ថែមទៀត ដើម្បីជាកម្លាំងសម្រាប់ លោក សម រង្ស៉ី។

លោកមានការភ្ញាក់ផ្អើល និងហួសចិត្ត នៅពេលដែល លោក សម រង្ស៉ី ចាប់ផ្តើមអំពាវនាវឱ្យកងទ័ព និងធ្វើយុទ្ធនាការប្រមាថព្រះមហាក្សត្រជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជថែមទៀត។ លោកបញ្ជាក់ថា «ទង្វើទាំងអស់នេះ គឺជាទង្វើមួយដែលមិនត្រឹមត្រូវទេ ដែលមិនមែនជាប្រជាធិបតេយ្យពិតប្រាកដទេ គឺជាអំពើក្បត់ជាតិ»។ លោកបន្តថា៖ «ព្រោះគាត់អំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ លើសពីនេះទៀតចង់ផ្តួលរំលំ ហើយមានការប្រមាថដល់អង្គព្រះមហាក្សត្រជាដើម»។

លោកជឿជាក់ថា ទង្វើទាំងនេះ បានធ្វើឱ្យអ្នកស្មោះស្ម័គ្រនឹងលោក សម រង្ស៉ី រួមទាំងក្រុមគ្រួសារបស់គេ ជួបផលលំបាក ប្រសិនបើត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារជាទង្វើខុសច្បាប់។

ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលតុលាការបង្គាប់ឱ្យចាប់ខ្លួន បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ទន្ទឹមនឹងការប្រកាសវិលចូលប្រទេសកម្ពុជានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនប្រើថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ព បានចាប់ផ្តើមតនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ផងដែរ៕