(ភ្នំពេញ)៖ ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ម៉ន ផល្លា របស់សាលាដំបូងរាជធានីភ្នំពេញ គឺយោងតាមចម្លើយសារភាពរបស់ជនត្រូវចោទ២រូប ឈ្មោះ ទិត្យ សុផាត ភេទស្រី និងជនត្រូវចោទឈ្មោះ សេង សុខន ភេទស្រី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

សេចក្តីប្រកាសដដែលបានបញ្ជាក់ថា «នៅចំពោះមុខចៅក្រមស៊ើបសួរ ជនត្រូវចោទទាំងពីរបានសារភាពថា ឈ្មោះ ម៉ន ផល្លា ភេទប្រុស អាយុ៤៤ ឆ្នាំ គឺជាមេក្លោងនៅពីក្រោយការឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឲ្យត្រូវចោទទាំងពីរនាក់ ដើរបំផុសបំផុលប្រជាពលរដ្ឋឲ្យងើបបះបោរប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួល រំលំរាជរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ក្រោមឧបាយកលជា «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី»។

សូមជំរាបថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគំនិតរបស់ឧក្រិដ្ឋជន សម រង្ស៉ី។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដីកាបង្គាប់ឲ្យចាប់ខ្លួននេះ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕