(ព្រះសីហនុ)៖ ការបង្កើតសមាគមសភាពាណិជ្ជកម្មចិនកម្ពុជានៅខេត្តព្រះសីហនុ នឹងកាន់តែជួយជំរុញពាណិជ្ជករ និងអ្នកវិនិយោគិនចិនឱ្យងាយស្រួលថែមទៀត ក្នុងការពង្រីកទំនាក់ទំនងធ្វើពាណិជ្ជកម្ម តាមរយៈការបង្កើតនូវយន្តការសម្រាប់ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកអំពីបរិយាកាសធុរកិច្ច និងសក្តានុពលក្នុងការវិនិយោគ ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ច គោលនយោបាយពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជាសម្រាប់ធ្វើការទាក់ទាញដៃគូចិនដូចគ្នា ក៏ដូចជាទាក់ទាញដៃគូបរទេស និងអ្នកវិយោគទុនក្នុងស្រុក ដើម្បីសហការគ្នាក្នុងការប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

នេះជាការលើកឡើងរបស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសម្ពោធសមាគមសភាពាណិជ្ជកម្មចិននៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

លោក អ៉ិត សំហេង បានសម្តែងនូវអំណរគុណ និងការកោតសរសើរខ្ពស់ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានសម្រេចចិត្ត ជ្រើសរើសកម្ពុជា ជាទីតាំងបណ្តាក់ទុនវិនិយោគ។ កត្តានេះ ជាទឡ្ហីករណ៍បញ្ជាក់ឱ្យឃើញនូវជំនឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគទុនបរទេស ជាពិសេសអ្នកវិនិយោគចិន ទៅលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធានាបាននូវបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ស្ថិរភាពនយោបាយ និងកំណើនសេដ្នកិច្ច។

កម្ពុជាពិតជានូវមានសក្តានុពលខ្ពស់ ក្នុងការបន្តភាពទាក់ទាញវិនិយោគទុន ដោយផ្អែកលើកត្តាគ្រឹះដ៏រឹងមាំ ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយបន្ថែមពីនេះមានកត្តាសំខាន់បីទៀតរួមផ្សំផងនោះគឺ៖ កត្តាប្រជាសាស្រ្ត កត្តាវិនិយោគទុនផ្ទាល់ពីបរទេស និងកត្តាសេដ្ឋកិច្ច។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរបានបង្កើត និងបន្តជំរុញកិច្ចសហប្រតិបត្តិការដល់កម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលតាមរយៈនេះក៏បានបន្តលើកទឹកចិត្ត និងជំរុញដល់ពាណិជ្ជករ និងវិនិយោគិនចិនមកធ្វើធុរកិច្ចនៅកម្ពុជា ស្របទៅតាមគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់ចិន និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់បណ្តាវិនិយោគិនទាំងអស់សូមចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានដាក់ចេញឱ្យបានត្រឹមត្រូវ សំដៅពង្រឹងនូវសុខុដុមនីយកម្មក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយនិរន្តរភាព។

ក្នុងនាមក្រសួងការងារ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីបេ្តជ្ញាបន្តជួយជ្រោមជ្រែង សម្របសម្រួល និងពិនិត្យដោះស្រាយនូវបញ្ហានានា ដូចដែលបាននិងកំពុងធ្វើកន្លងមក ដើម្បីធានាថាក្រុមហ៊ុនអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគទាំងអស់បន្តបាននូវភាពរីកចំរើនរបស់ខ្លួន ហើយថែមទាំងកៀរគរបានថែមទៀតនូវដៃគូថ្មីៗទៀត ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ»៕