(ភ្នំពេញ)៖ សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នឹងចាត់ការទៅតាមផ្លូវច្បាប់របស់កម្ពុជា ក្រោយពេលតុលាការបញ្ចប់សវនាការ ដោយគ្មានការលើកលែងនោះឡើយ។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅចំពោះមុខលោកស្រី ដូនីកា ប៉ុតទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដាដែលចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ដូនីកា ប៉ុតទី នៅក្នុងជំនួបជម្រាបលាសម្តេចតេជោ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានលើកពីដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា រួមទាំងករណីរបស់លោក កឹម សុខា ផងដែរ។

ឆ្លើយតបការលើកឡើងនេះ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នលោក កឹម សុខា មិនមែនស្ថិតនៅក្នុងឃុំឃាំងនោះទេ គឺកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយតុលាការកំពុងស៊ើបអង្កេត។ សម្តេចតេជោ បានបន្ថែមថា នៅក្រោយបញ្ចប់ការស៊ើបអង្កេត តុលាការនឹងបើកសវនាការ ហើយក្រោយសវនាការនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក ស្រ៉ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ មកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា «បញ្ហារបស់ កឹម សុខា មិនមែនស្ថិតនៅក្នុងឃុំឃាំងទេ គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយគេកំពុងធ្វើការស៊ើបអង្កេត។ នៅពេលតុលាការស៊ើបអង្កេតចប់ គេនឹងបើកសវនាការ ពេលនោះគឺយើងនឹងពិនិត្យទៅតាមច្បាប់»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាត្រូវតែអនុវត្តទៅតាមច្បាប់របស់កម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូបមិនថាអ្នកនយោបាយ ឬជាប្រជាពលរដ្ឋធម្មតានោះទេ គឺត្រូវតែគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់របស់កម្ពុជា។

ពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យវិញ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រី ដូនីកា ប៉ុតទី ថា កម្ពុជាដំណើរការប្រជាធិបតេយ្យជាធម្មតា តួយ៉ាងការបោះឆ្នោតនៅឆ្នាំ២០១៨ កន្លងមកមានបក្សនយោបាយច្រើនបានចូលរួម ហើយបច្ចុប្បន្នមានបក្សនយោបាយមួយចំនួនកំពុងត្រៀមបង្កើតឡើងផងដែរ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បញ្ហាសុខសន្តិភាពនៅតែសំខាន់បំផុតសម្រាប់កម្ពុជា បើគ្មានសន្តិភាព គឺមិនបាច់និយាយអំពីបញ្ហាផ្សេងៗទៀតនោះឡើយ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមការចោទប្រកាន់របស់តុលាការពីបទក្បត់ជាតិ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរូបលោកបាននិយាយប្រាប់អ្នកគាំទ្រនៅប្រទេសអូស្ត្រាលី ពីគម្រោងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ បន្ទាប់ពីឃុំនៅក្នុងពន្ធនាគារត្រពាំផ្លុង អស់រយៈពេលជាងមួយឆ្នាំ លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនពីពន្ធនាគារត្រពាំងផ្លុង មកកាន់គេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញវិញ៕