(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរបស់ជប៉ុនបាននោះឡើយ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បែបនេះក្នុងពេលអញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលអាហារជប៉ុន២០១៩ ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) នៅផ្សារទំនើបអ៉ីអនភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។ កម្មវិធីនេះមានការចូលរួមពីលោក Tsuyoshi Nozoe តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន លោក Masahiro Miyao តំណាងអង្គការ JETRO នៅភ្នំពេញ និងលោក Keiji Ono នាយកប្រតិបត្តិក្រុមហ៊ុនអ៉ីអនកម្ពុជា។

ក្នុងពិធីនោះលោក ប៉ាន សូរស័ក្តិ បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរីកធំធាត់ជាបន្តបន្ទាប់។

បើតាមលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ជាង ១,៥៨៨លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញពីកម្ពុជា ទៅជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១,០៧៩លានដុល្លារអាមេរិក និងការនាំចូលពីជប៉ុនមកកម្ពុជា មានទឹកប្រាក់ប្រមាណ ៥០៩លានដុល្លារអាមេរិក។

សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក។ ការវិនិយោគផ្ដោតសំខាន់លើការផលិតគ្រឿងបង្គំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ឱ្យដឹងដែរថា ដើម្បីដោះស្រាយបញ្ហាជូនអ្នកវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញពាណិជ្ជកម្មរវាងភាគីទាំងពីរកម្ពុជា-ជប៉ុន។

នៅចំពោះមន្ត្រី និងអ្នកវិនិយោគជប៉ុន លោករដ្ឋមន្ត្រី សង្ឃឹមថា សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត ដើម្បីផ្ដល់តម្លៃបន្ថែម និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរជូនដល់កម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។

លោក ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន វិនិយោគកាន់តែច្រើនទៀតលើគ្រប់វិស័យ ជាពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្ម តភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្មជាដើម។

ក្នុងព្រឹត្តិការនោះ លោក Tsuyoshi Nozoe តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដោយប្រជាជនកម្ពុជា ដូចនេះហើយផ្សារអ៉ីអន ក៏មានការលក់ទំនិញអនឡាញផងដែរ ដើម្បីឱ្យស្របតាមតម្រូវការរបស់អតិថិជនកម្ពុជា។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍ផលិតផលអាហារជប៉ុន២០១៩ ធ្វើចាប់ពីថ្ងៃទី០២ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Masahiro Miyao តំណាងអង្គការ JETRO នៅភ្នំពេញ បានឱ្យដឹងថា ផលិតផលអាហារជប៉ុនដែលមានដាក់តាំងក្នុងពិព័រណ៍នេះ គឺមានចំនួន៣០០ មុខអាហារ រួមមាន បន្លែជប៉ុន ភេសជ្ជៈ ស្រាសាកេ និងផលិតផលអាហារជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលដែលផលិតក្រោមស្ដង់ដារជប៉ុន៕