(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តសេនីយ៍ទោ ឯម កុសល នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានបន្ដដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ត្រួតពិនិត្យ និងពង្រឹងការងារជំនាញដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅ អធិការដ្ឋានស្រុកកោះសូទិន។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង ទទួលចុះពង្រឹងស្រុក លោកស្នងការរង ទទួលដឹកនាំគ្រប់គ្រង់ការងារសន្តិសុខផ្ទៃក្នុង លោកស្នងការរងផែនការងារ ធនធានមនុស្ស (ស្ដីទី) លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ រហូតដល់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកកោះសទិន។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបន្ដក្ដោបក្ដាប់ សភាពការណ៍ក្នុងមូលដ្ឋាន ហើយបើមានការប្រមូលផ្ដុំណាមួយពាក់ព័ន្ធចលនាខុសច្បាប់ ត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ស្នងការ ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានធ្វើការផ្សព្វផ្សាយកន្លងទៅ។

សូមបញ្ជាក់ថា នេះជាស្រុកទី១០ ដែលបានបញ្ចប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ តាមបណ្តាស្រុក-ក្រុងទាំង១០ ក្រោយលោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកិច្ចប្រជុំតាមស្រុកនីមួយៗ ស្ទើររៀងរាល់ថ្ងៃ៕