(ភ្នំពេញ)៖ វិស័យអាជីវកម្មលើផ្នែកសណ្ឋាគារនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងតែការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើន ជាពិសេសនៅត្រឹមរយៈពេល២-៣ឆ្នាំចុងក្រោយនេះ ជាមួយនឹងការប្រកួតប្រជែង ដើម្បីទទួលបានភាពទាក់ទាញលើផ្នែកសេវាកម្ម ចំណីអាហារ ផាសុកភាពក្នុងការស្នាក់ ក៏ដូចជាការកែច្នៃរចនាបន្ទប់ និងបរិវេញជុំឱ្យមានភាពល្អប្រសើរ។

លោក ធួន ស៊ីនណាន នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park បានលើកឡើងថា បច្ចុប្បន្ននេះការធ្វើអាជីវកម្មលើផ្នែកសណ្ឋាគារ នៅកម្ពុជា ពិតជាមានភាពរីកចម្រើន ប៉ុន្តែនៅមិនទាន់គ្រប់តម្រូវការ នៅឡើយនោះទេ។

លោកបានបន្តទៀតថា «សណ្ឋាគារគ្រប់កម្រិត ភាគចច្រើនឃើញមានតែនៅ ក្នុងរាជធានីភ្នំពេញ ឬទីប្រជុំជននៅតាមកណ្តាលខេត្តមួយចំនួនតែប៉ុណ្ណោះ ដែលវាមិនទាន់បានសាយភាយ ឱ្យមានភាពទូលំទូលាយនោះទេ»

លោកបានបញ្ជាក់ទៀតថា អ្នកវិនិយោគភាគច្រើន ជាពិសេសអ្នកវិនិយោគក្នុងស្រុកតែម្ដង ពួគគាត់តែងមានទំនោរធ្វើជំនួញ ឬអាជីវកម្មតាមគ្នា និងហាក់មិនសូវបានសិក្សាលម្អិត ឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ជាពិសេសការសិក្សាទៅលើតម្រូវការ និងចំនួននៃការផ្គត់ផ្គង់ ជាក់ស្ដែងដូចជានៅភ្នំពេញ ភាគច្រើនសណ្ឋាគារឃើញ មាននៅបណ្តុំគ្នាស្ថិតនៅក្នុងតំបន់តែមួយ ដែលស្ទើរតែលើសពីតម្រូវការនៅក្នុងតំបន់។

លោក ធួន ស៊ីណាន បានបន្តទៀតថា អ្នកវិនិយោគគួរតែស្វែងយល់ ទៅលើកំណើននៃតម្រូវការពិត ជាពិសេសទីតាំងដែលមិនទាន់ចំនួន អ្នកផ្គត់ផ្គង់នៅឡើយមុនពេលសម្រេចចិត្តដាក់ទុន។

លោកបញ្ជាក់ថា «ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅពេលនេះបានក្លាយខ្លួនទៅជាតំបន់លំនៅដ្ឋានបែបទំនើប និងពោរពេញទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ដែលគួរតែមានសណ្ឋាគារ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការបណ្តាអ្នកវិនិយោគ ឬអ្នកធ្វើជំនួញនានា ដែលមានទីស្នាក់ការក្រុមហ៊ុនស្ថិតក្នុងតំបន់ ឬតំបន់ជិតខាង»

លោកបន្តថា «ភាពជាក់ស្ដែងយើងឃើញមានការរីកចម្រើន ទៅវិស័យផ្សារទំនើបធំៗជាច្រើន ប៉ុន្តែវិស័យសណ្ឋាគារបែបទំនើប មានមិនលើសពី២កន្លែងនោះទេ ក្រៅពីនេះឃើញមានប្រភេទផ្ទះសំណាក់ក្នុងតំបន់»

លោកបានបញ្ជាក់ថា «មានពេលខ្លះអ្នកពាណិជ្ជករហាក់ មានភាពធុញទ្រាន់ ក្នុងការដែលមកកាន់តំបន់ពាណិជ្ជកម្មចំរុះ ក្នុងខណ្ឌសែនសុខ ហើយវិលត្រឡប់ទៅសម្រាកនៅកណ្តាលក្រុងនោះវិញណាស់ ម៉្យាងទៀតខណ្ឌសែនសុខ ក៏មានទីតាំងស្ថិតនៅក្បែរព្រលានយន្ត និងតំបន់រោងចក្រមួយចំនួនទៀតផងដែរ ដែលវាមានភាពល្អប្រសើរ សម្រាប់ការវិនិយោគលើវិស័យសណ្ឋាគារជាខ្លាំង»

លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា នៅរាជធានីភ្នំពេញ ខណ្ឌខ្លះមានការផ្គត់ផ្គង់សណ្ឋាគារច្រើនលើសលប់ ប៉ុន្តែខណ្ឌមួយចំនួនទៀត មានការផ្គត់ផ្គង់តិចបំផុត។

លោកស្រីបានបន្តទៀតថា អ្នកដែលមានបំណងចង់វិនិយោគនិងក្នុងវិស័យនេះ គួរតែមានការសិក្សាលម្អិតឱ្យបានស៊ីជម្រៅ ទៅលើភាពចាំបាច់ក្នុងការផ្គត់ផ្គង់ និងតម្រូវការជាក់ស្ដែង ចៀសវាងការវិនិយាគតាមគ្នា ហើយរង់ចាំទទួលផលត្រឡប់មកវិញក្នុងរយៈពេលយូរ ឬអាចប្រឈមនឹងការខាតបង់ផលប្រយោជន៍ ៕