(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែតុលានេះ បានយកថវិកាផ្ទាល់ខ្លួនចំនួន៤០០,០០០រៀល ចូលបុណ្យ និងគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី សយ ដារា អធិការរងស្រុកបាភ្នំ ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៦៖០០នាទី នៅមន្ទីពេទ្យចារី (ប្រទេសវៀតណាម) ដោយជំងឺមហារីកច្រមុះធ្ងន់ធ្ងរ។

ក្នុងនោះ កម្លាំងអធិការដ្ឋាន បានចូលបុណ្យសរុប១,៥០០,០០០រៀល, អភិបាលស្រុក និងកម្លាំងក្រោមឱវាទ ១,១៣៥,០០០រៀល សរុបថវិកាចូលបុណ្យចំនួន៣,០៣៥,០០០រៀល។

ការនាំថវិកា និងមកគោរពវិញ្ញាណក្ខន្ធ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពីស្នងការរង អធិការគ្រប់ស្រុក និងសហការី អភិបាល អភិបាលរងស្រុក ការិយាល័យជុំវិញស្រុក មេឃុំក្រុមប្រឹក្សា ឃុំទាំង៩ឃុំ, អធិការស្រុកបាភ្នំ និងកម្លាំងក្រោមឱវាទទាំងអស់, ផ្នែកសឹករងស្រុក និងកងរាជអាវុធហត្ថស្រុក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានថ្លែងថា ក្នុងនាមជាមន្ត្រីនគរបាលទាំងអស់ មានការសោកស្តាយយ៉ាងខ្លាំងបំផុត ចំពោះបានបាត់បង់ជីវិតរបស់លោកអធិការរងស្រុក និងសូមបួងសួង ដល់វត្ថុសាកសិទ្ធិទាំងអស់ សុំឲ្យវិញ្ញាណក្ខន្ធលោកទៅបានសុខគតិភពចុះ៕