(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូនសន្ធិសញ្ញាព្រំដែន ដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុ៊ក ចុះហត្ថលេខាកាលពីសប្តាហ៍កន្លងទៅនេះ ទៅកាន់ស្ថាប័ននីតិបញ្ញត្តិ ដើម្បីពិនិត្យ និងទទួលស្គាល់។

ការសម្រេចរបស់គណៈរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុ៊ក បានចុះសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

សន្ធិសញ្ញាឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ គឺជាកិច្ចព្រមព្រៀងមួយរបស់កម្ពុជា និងវៀតណាម ដោយយោងទៅតាមច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាច្បាប់អន្តរជាតិ ដើម្បីជួយសម្រួលដល់ការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

កម្ពុជា និងវៀតណាម មានព្រំដែនគោលរួមគ្នាប្រវែង ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមផែនបោន ១លើ ១០០ពាន់ ដែលបានបន្សល់ទុកនៅអង្គការសហប្រជាជាតិ។ បច្ចុប្បន្នប្រទេសទាំងពីរបានសម្រេចកំណត់ព្រំដែន និងបោះបង្គោលព្រំដែនជាមួយគ្នាបានចំនួន ៨៤ភាគរយហើយ។

លទ្ធផលនៃការកំណត់ និងបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ៨៤ភាគរយនេះ ត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចុះហត្ថលេខាទទួលស្គាល់កាលពីសប្តាហ៍កន្លងទៅនេះផងដែរ៕