(ភ្នំពេញ)៖ ដើម្បីបង្កើនភាពងាយស្រួល ដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋម៉ាឡេស៊ីរស់នៅកម្ពុជា ក្នុងការផ្ញើប្រាក់ទៅមក, ធនាគារជាតិនៃកម្ពុជា និងធនាគារ Maybank របស់ម៉ាឡេស៊ី បានចុះអនុស្សារណៈយោគយល់គ្នា (MoU) លើការជំរុញការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។

ការចុះអនុស្សារណៈយោគយល់ លើការជំរុញការទូទាត់ និងការផ្ទេរប្រាក់ផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ធ្វើឡើងដោយមានការចូលរួមពី លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោក Dato Mohd Hanif Suadi នាយកប្រតិបត្តិធនាគារ Maybank។

តាមរយៈអនុស្សារណៈនេះធនាគារជាតិនៃកម្ពុជា និងធនាគារ Maybank កម្ពុជា និងធនាគារ Maybank ម៉ាឡេស៊ី នឹងសហការគ្នាពិនិត្យលទ្ធភាព ឲ្យប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ភ្លាមៗ រវាងកម្ពុជា និងម៉ាឡេស៊ី។

លោកស្រី ជា សិរី ថ្លែងឲ្យដឹងថា «ការចុះ MoU រវាងធនាគារជាតិនៃកម្ពុជា និងធនាគារ Maybank គឺដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ី ងាយស្រួលក្នុងការផ្ទេរប្រាក់មកស្រុកកំណើត។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា នៅប្រទេសម៉ាឡេស៊ី ចង់ផ្ទេរប្រាក់មកប្រទេសកំណើត គឺផ្ទេរតាមរយៈសេវាកម្មមួយចំនួន ហើយសម្រាប់តម្លៃសេវា នៃការផ្ញើវិញមានតម្លៃខ្ពស់ដោយជួលកាល អាចមានតម្លៃប្រមាណ២០-៣០% នៃប្រាក់ដែលបានផ្ញើមក»

លោកស្រីបន្ដថា អ្វីដែលដៃគូទាំង២ បាននិងកំពុងធ្វើនេះ គឺធ្វើយ៉ាងណាសម្រួលការផ្ទេរប្រាក់ ដោយមិនចាំបាច់ឆ្លងអ្នកទី៣ ដើម្បីកាត់បន្ថយកម្រៃទាំងនោះ។ ជាក់ស្ដែងដូចកម្មករកម្ពុជា ដែលបម្រើការងារនៅតាមផ្ទះ ក្នុងប្រទេសម៉ាឡេស៊ី ពេលពួកគាត់ផ្ញើប្រាក់មកផ្ទះ ត្រូវការចំណាយថ្លៃបង់សេវាខ្ពស់។

លោកស្រីបញ្ជាក់ថា មួយវិញទៀតលទ្ធភាពនៃការគ្រប់គ្រងប្រាក់ របស់ពួកគាត់នៅមានកម្រិត មានន័យថា លុយដែលផ្ញើមកអ្នកផ្ទះ អាចនឹងមិនមានការគ្រប់គ្រងច្បាស់លាស់ ចាយវាយដោយមិនចំគោលដៅ ដូច្នេះបានជាធនាគារជាតិ និងធនាគារ Maybank សហការគ្នាផ្ដល់នូវសេវាកម្មល្អជូនពួកគាត់ មានន័យថា ប្រសិនបើពួកគាត់នៅ ក្នុងប្រទេសម៉ាឡេស៊ី គាត់អាចមានលទ្ធភាពទទួលបានលុយ ក្នុងប្រព័ន្ធទូរស័ព្ទរបស់គាត់ ដោយអាចផ្ញើមកប្រទេសកម្ពុជាផ្ទាល់ និងអាចទូរទាត់ថ្លៃទឹក, ថ្លៃភ្លើង, ថ្លៃសាលាកូនរៀន ដោយមិនចាំបាច់ឆ្លងអ្នកណាម្នាក់ មកធ្វើជំនួសគាត់ឡើយ។

លោកស្រីឲ្យដឹងថា ចំពោះស្រ្ដីមានភាពងាយស្រួល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុស្រួលជាងមុន មួយវិញទៀតជួយសម្រួលថ្លៃសេវាឲ្យកាន់តែធូរថ្លៃ។

លោក Dato Mohd Hanif Suadi បានថ្លែងឲ្យដឹងថា ធនាគារ Maybank មានគោលដៅបំពេញតម្រូវការអតិថិជន ដែលតែងតែមានការផ្លាស់ប្ដូរ តាមរយៈការវិវឌ្ឍន៍ខ្លួនជាបន្ដបន្ទាប់ ស្របតាមនវានុវត្តន៍ឌីជីថល ដើម្បីបម្រើអតិថិជនកាន់តែរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ កិច្ចសហការប្រតិបត្តិការនេះ នឹងជំរុញឲ្យធនាគារ Maybank ខិតខំធ្វើឲ្យប្រសើរឡើង នូវការផ្ដល់សេវារបស់ខ្លួន ដល់អតិថិជនកាន់តែទូលំទូលាយ ជាមួយនឹងសេវាឌីជីថលផ្សេងៗ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ វិស័យធនាគារនៅកម្ពុជា។

លោករំពឹងថា បន្ទាប់ពីដាក់ដំណើរការសេវានេះ នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា ដែលរស់នៅប្រទេសម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី ដែលកំពុងរស់នៅប្រទេសកម្ពុជា ក៏ដូចជាធុរកិច្ចក្នុងប្រទេសទាំង២ ដោយប្រើប្រាស់ប្រព័ន្ធបាគង និងផ្លែតហ្វមឌីជីថល Maybank ធូយូ ដើម្បីផ្ទេរមូលនិធិឆ្លងប្រទេស សម្រាប់ការទូទាត់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។

លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចគាំទ្រចំពោះការវិវឌ្ឍន៍ទៅរកសង្គមឌីជីថល នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា ប្រព័ន្ធបាគងជាប្រព័ន្ធដែលតភ្ជាប់ពីធនាគារ និងភ្នាក់ងារទូទាត់ប្រាក់ទាំងអស់ ដើម្បីបង្កើតបានជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការទូរទាត់តាមប្រព័ន្ធទូរស័ព្ទ ដោយលោកអ្នកអាចទូទាត់ទំនិញ និងផ្ញើប្រាក់ទៅកាន់ដៃគូធនាគារ ឬភ្នាក់ងារទូរទាត់ប្រាក់ទាំងអស់ ដែលជាសមាជិករបស់ប្រព័ន្ធបាគង តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ៕