(ភ្នំពេញ)៖ កំណាត់ផ្លូវលំ ១ខ្សែ ប្រវែង ៥៥៤ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិត្រពាំថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបើកការដ្ឋានជួសជុល ពីផ្លូវដីឱ្យទៅជាផ្លូវបេតុង គ្មានសរសៃដែក នាព្រឹកថ្ងៃទី១១ ខែតុលានេះ ដោយប្រើប្រាស់ថវិកា គំរោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៩។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ មានផ្លូវលំប្រភេទផ្លូវដីបែបនេះ ជាច្រើនខ្សែដែលមិនទាន់បានជួសជុលកែលម្អ។ ជាមួយនេះ ដោយសារតែថវិកា គំរោងមូលនិធិប្រចាំឆ្នាំមានកម្រិត សង្កាត់បានជ្រើសរើសផ្លូវណា ដែលជួបការលំបាកខ្លាំង លើកជាគម្រោងអាទិភាព ដាក់សុំការជួសជុលជាបន្ទាន់ ចំណែកផ្លូវផ្សេងៗទៀត នឹងដំណើរការពេលក្រោយតាមលទ្ធភាព។

លោកសន្យាថា ទោះយ៉ាងណា សង្កាត់នឹងប្រឹងប្រែងអភិវឌ្ឍន៍ ទាំងផ្លូវ និងលូរំដោះទឹក ឱ្យបានប្រសើឡើងជាបន្តបន្ទាប់ ដើម្បីការរស់នៅស្រួលរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ជាការពិតមួយឆ្នាំៗ សង្កាត់នីមួយៗតែងទទួលបានថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកមកជួសជុលផ្លូវ លូ ក្នុងមូលដ្ឋាន តែថវិកានេះ មិនបានច្រើនប៉ុន្មានទេ។ ដូចនេះ ចាំបាច់ត្រូវតែបែងចែក និងជ្រើសរើសយកផ្លូវណាដែលជាអាទិភាព ដោយឆ្នាំនេះផ្តល់ទៅភូមិនេះ ឆ្នាំក្រោយផ្តល់ទៅភូមិនោះ គឺមិនអាចធ្វើឱ្យតែភូមិនេះរហូតបានទេ។

លោកផ្តាំថា ទោះបីមានផ្លូវល្អ ឬមិនល្អក៏ដោយ សំខាន់សូមបងប្អូន កុំរំលោភផ្លូវ រំលោភលូ ដែលនាំឱ្យផ្លូវរួមតូច លូស្ទះ ហើយតាំងស្រែកឱ្យអាជ្ញាធរជួយ និងថាអាជ្ញាធរមិនមើលខុសត្រូវ តែបើផ្លូវនៅមុខផ្ទះបងប្អូន ហើយបងប្អូនមិនជួយខ្លួនងផង តើឱ្យអ្នកនៅឆ្ងាយឯណាមកជួយ, បើគង់គេមកជួយ ក៏វាយឺតបន្តិចដែរ។ ជាមួយគ្នានេះ សូមចូលរួមវេចខ្ចប់ ទុកដាក់សំរាមឱ្យបានល្អ រង់ចាំរថយន្តមកទទួលចាំបញ្ចេញសំរាម និងកុំបោះសំរាមចោលពាសវាលពាសកាល ដែលនាំឱ្យប៉ះពាល់បរិស្ថាន និងសោភ័ណភាពមូលដ្ឋាន។

លើសពីនេះទៅទៀត លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ក្រុមហ៊ុនទទួលការ ត្រូវអនុវត្តន៍គម្រោងឱ្យបានល្អ តាមបទដ្ឋានបច្ចេកទេ ដើម្បីឱ្យផ្លូវដែលស្ថាបនាទៅហើយ ធានាគុណភាពល្អ ប្រើប្រាស់បានយូរ។ អាជ្ញាធរសង្កាត់ ភូមិត្រូវចុះពន្យល់ណែនាំប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់គម្រោងនេះ ឱ្យគាត់យល់ពីសារប្រយោជន៍នៃការពង្រីផ្លូវ និងឱ្យចូលរួបង្កលទ្ធភាពឱ្យក្រុមហ៊ុនអនុវត្តន៍គម្រោង បានរលូនរហូតចប់ចុងចប់ដើម៕