(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំការប្រលងនិយាយភាសាខ្មែរ ដើម្បីចូលរួមលើកកម្ពស់ ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ ក៏មានការចូលរួមរបស់លោក ISHIKAWA Hiroshi អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងអាស៊ីនិរតី នៃក្រសួងការបរទេសជប៉ុន, លោកសាស្ត្រាចារ្យ ISHIZAWA Yoshiaki នាយកមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៊ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្ស និងជាប្រធានបេសកកម្មអន្តរជាតិ «សូហ្វីយ៉ា-អង្គរ», លោកសាស្រ្តាចារ្យ Timothy Newfields មកពីសាកលវិទ្យាល័យ Toyo នៅទីក្រុងតូក្យូ ព្រមទាំងបងប្អូនប្រជាជនខ្មែរ អ្នកគាំទ្របេក្ខជន-បេក្ខនារី និងមិត្តភក្តិជប៉ុន ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីប្រលង ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន ក៏បានសំណេះសំណាល ពិសាអាហារសាមគ្គី និងរាំលេងកម្សាន្ដផងដែរ។ បេក្ខជន បេក្ខនារី ចំនួន១២រូប ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ បានចូលរួមប្រលងនៅក្នុងឆ្នាំនេះ។

អ្នកចូលរួម បាននាំគ្នាលើកឡើងនូវប្រធានបទផ្សេងៗ គួរឲ្យចាប់អារម្មណ៍ ដូចជាទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ម្ហូបអាហារ បទពិសោធន៍ ទៅលេងស្រុកខ្មែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ ពួកគាត់បានបញ្ជាក់ថា ប្រជាជនខ្មែរចេះជួយគ្នា ជួយយកអាសាគ្នា ទោះបីមិនស្គាល់គ្នាក៏ដោយ ខណៈខ្លះបានលើកថា គាត់ចូលចិត្តសម្លកកូរ មាន់ឆាខ្ញី បបរមាន់ សម្លការី និងបាយដំណើបសង្ខយា។

លោកសាស្ត្រាចារ្យ ISHIZAWA ក៏បានបញ្ជាក់អំពីប្រវត្តិអក្សរខ្មែរ និងបានប្រាប់ដល់ជនជាតិជប៉ុន ដែលចេះនិយាយភាសាខ្មែរថា ពួកគាត់គួរមានមោទនភាព ដោយសារចេះនិយាយ និងសរសេរអក្សរខ្មែរ ដែលជាភាសាមួយមានអាយុកាលយូរលង់មកហើយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាំងពីសតវត្សទី៦មកម្ល៉េះ។

សូមបញ្ជាក់ផងដែរថា ការប្រលងនិយាយភាសាខ្មែរ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ៕