(ស្វាយរៀង)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់យ៉ាងច្រើនកុះករផងដែរ។

លោក សេង សីលា ត្រូវបានប្រកាសតែងតាំង និងចូលកាន់តំណែងជាអភិបាលរងខេត្ត ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវទទួលតំណែងជាអភិបាលខេត្តខេត្តព្រះវិហារ។

លោក សក់ សេដ្ឋា បានលើកឡើងថា អភិបាលរងខេត្ត ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវពង្រឹងការងារទទួលខុសត្រូវ ដល់មន្ត្រីរាជការនៅក្នុងខេត្តទាំងអស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ ជាពិសេសត្រូវចេះគ្រប់គ្រង ដឹកនាំ ហើយលើកទឹកចិត្តដល់មន្រ្តីដែលមានសមត្ថភាព និង ធ្វើការងារបានល្អ ព្រមទាំងដាក់វិន័យទៅតាមច្បាប់មន្ត្រីរាជការ ចំពោះមន្ត្រីអសកម្ម។

ទន្ទឹមនឹងនេះត្រូវខិតខំទប់ស្កាត់ លុបបំបាត់ រាល់បាតុភាពអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដោយត្រូវជំរុញការផ្ដល់សេវាសាធារណៈ ឲ្យកាន់តែល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមយុទ្ធសាស្ត្រចតុកោណតំណាក់ទី៤។

លោកបានបញ្ជាក់ថា ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមាន សុខសន្តិភាព ពេញលេញបរិបូណ៍ និងមានតែខ្មែរទេ ដែលយល់ស្គាល់ពីសុខទុក្ខរបស់ខ្មែរ ស្គាល់ពីតម្លៃសន្តិភាព គ្មានបរទេសណាមកស្គាល់ជាងយើងជាខ្មែរនោះទេ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភានយោបាយនេះ ឲ្យស្ថិតស្ថេរយូអង្វែងជានិរន្តន៍ និងមិនឲ្យទណ្ឌិត សម រង្សី និងបក្ខពួកមកបំផ្លាញសុខសន្តិភាពបានជាដាច់ខាត៕