(បន្ទាយមានជ័យ)៖ ខណៈពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌកំពុងប្រព្រឹត្តទៅនោះ ប្រជាពលរដ្ឋទីទ័លក្រ និងពិការប្រមាណ ២,១០០គ្រួសារ មកពីឃុំទាំង៦ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ ពីលោក អ៊ ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ការផ្តល់ជូនអំណោយដល់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងទីតាំងក្រុមហ៊ុនឆាណាប៉ោយប៉ែត ស្ថិតក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

យោងតាមសម្តីរបស់លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋទីទ័លក្រ ក្រុមហ៊ុនឆាយណាប៉ោយប៉ែត របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងកងអន្តរាគមន៍ ៣១១ បានរៀបចំជាអំណោយដែលមានអង្ករ មី ត្រីខ សាប៊ូ។

នាឱកាសនោះដែរ លោក អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ និងអរគុណដល់ក្រុមហ៊ុន ដែលបានលះបង់នូវទ្រព្យធនផ្ទាល់ខ្លួនចែករំលែក ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃនេះ។

លោកអភិបាលខេត្តបានបន្តថា ខែនេះជារដូវភ្ជុំបិណ្ឌ មេឃបានបង្អុរទឹកភ្លៀងទៅគ្រប់ទីកន្លែង ដូច្នេះវាបានប៉ះពាល់យ៉ាងខ្លាំងដល់របររកទទួលទាន ហើយអំណោយដែលផ្តល់ជូននេះ ថ្វីដ្បិតវាតិចតួច ប៉ុន្តែវាបានសម្រាលនូវទុក្ខលំបាកប្រជាពលរដ្ឋបានមួយគ្រា ទម្រាំផុតរដូវភ្ជុំ និងផុតរដូវភ្លៀងអាចរកទទួលបានស្រួលបួលឡើងវិញ៕