(ប៉ៃលិន)៖ ក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានធ្វើឡើងនៅខេត្តប៉ៃលិន មានការបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែលើកទឹកចិត្តឱ្យស្ត្រីផ្តល់ឱកាសដល់ស្ត្រីដូចគ្នា ឱ្យទទួលបានតួនាទីភារកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជន ស្របពេលដែលធនធានមនុស្សជាស្ត្រីក៏ចេះតែកើនឡើង។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ មកពីបណ្តារាជធានីខេត្តទាំង ២៥ខេត្ត ផងដែរ។

លោក ផាន់ ចាន់ធុល បានលើកឡើងថា បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ដល់ស្ត្រី ក្នុងការចូលរួមគ្រប់សកម្មភាពសង្គម ពិសេសត្រូវពង្រឹងសមភាពយេនឌ័រនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានរឹងមាំថែមទៀត។

លោកស្រី ប្រាក់ ច័ន្ទណយ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាព និងយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងសកលលោក និងនៅកម្ពុជា ផ្សព្វផ្សាយអនុសាសន៍ ១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុសាសន៍ ៤ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបង្ហាញអំពីសកម្មភាពការងារក្នុងការជំរុញលើកទឹកចិត្តឲ្យស្រ្តីសកម្ម ក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ព្រមទាំងកំណត់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងអនុសាសន៍ ដែលឆ្លើយតបនឹងការលើកទឹកចិត្តឱ្យមន្ត្រីរាជការជានារី សកម្មក្នុងការងារផ្តល់ឱកាសឲ្យស្ត្រីទទួលបាននូវតួនាទីភារកិច្ច ធ្វើសេចក្តីសម្រេចឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រីបានបន្តថា បច្ចុប្បន្ននៅក្នុងសង្គមកម្ពុជាបាននិងកំពុងឱ្យតម្លែទៅលើស្ត្រីលើកការងារផ្សេងៗ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តដល់ស្ត្រីឱ្យធ្វើការងារទាំងផ្នែករដ្ឋ និងឯកជនផងដែរ។

ម្យ៉ាងវិញទៀត ស្ត្រីកាន់តែមានតួនាទីក្នុងវិស័យសេវាសាធារណៈ និងទទួលឋានៈជាថ្នាក់ដឹកនាំ មកដល់អាណត្តិទី៦ ចំនួនស្ត្រីជាតំណាងរាស្ត្រ សមាជិក-ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាពិសេសចំនួនរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានកើនឡើងជាបន្តបន្ទាប់៕