(ណាននីង, ចិន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានពិព័រណ៍ចិន-អាស៊ាន គឺជាឱកាសមាសឱកាសប្រាក់សម្រាប់កម្ពុជាជំរុញការនាំចេញផលិតផល ទាក់ទាញការវិនិយោគ និងអ្នកទេសចររបស់ចិន។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងបែបនេះនៅក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនាសណ្ឋាគារ Grand Metropark ទីក្រុងណាននីង ខេត្តក្វាស៊ី ប្រទេសចិននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗមកពីវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ២០០នាក់។

ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីទំនាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងចិន និងអាស៊ាន ដោយទំនាក់ទំនងនេះបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គម និងវិស័យដទៃទៀតដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា e-Commerce វិនិយោគ ធនាគារ ឱ្យមានភាពរីកចម្រើន។

លោករដ្ឋមន្ត្រី បានមើលឃើញថា តាមរយៈដៃគូយុទ្ធសាស្ត្រនេះ បានជំរុញទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន មានសន្ទុះកើនឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ៥៨៧.៨៧ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ទី២ របស់ប្រទេសចិន។

លោក ប៉ាន ស័រស័ក្តិ បានរំលេចថា ចំពោះកិច្ចសហប្រហតិបត្តិការទ្វេភាគី កម្ពុជា-ចិន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍វប្បធម៌ ការទូត និងរវាងប្រជាជន និងប្រជាជន មានការរីកចម្រើនជាលំដាប់ ដោយឈរលើស្មារតី គោរពជឿទុកចិត្ត គ្នាទៅវិញទៅមកស្របតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។ លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បានជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ កម្ពុជា-ចិន សម្រេចបាន ៦,៤៥៧លានដុល្លារ កាលពីឆ្នាំ២០១៨ កន្លងទៅ។

ប្រទេសចិនឈរក្នុងលំដាប់លេខរៀងទី១ នៃការវិនិយោគនៅកម្ពុជា ដែលកាលពីឆ្នាំ២០១៨ កន្លងទៅ ដោយបានដាក់ទុនវិនិយោគប្រមាណ ៣,៥៩៤លានដុល្លារ លើវិស័យកាត់ដេរ អគ្គិសនី រោងម៉ាស៊ីនកិនស្រូវ កសិ-ឧស្សាហកម្ម រ៉ែ និងថាមពល សំណង់ និងធ្យូងថ្ម។ រីឯចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាប្រទេសកម្ពុជា ក៏មានការកើនឡើងរហូតជាង ២លាននាក់កាលពីឆ្នាំកន្លងទៅ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ។ ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះចំនួន ១១លើកកន្លងមកហើយ ដែលចំនួននេះច្រើនជាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មបន្តថា កម្ពុជា បានចូលរួមពិព័រណ៍ចិន-អាស៊ានបានចំនួន ១៦លើក គិតចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៩នេះ ដោយទទួលបាននូវផលប្រយោជន៍ជាផ្លៃផ្កា ដូចជាបានធ្វើឱ្យទំនិញកម្ពុជា បានជ្រៀតចូលទីផ្សារចិន កម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មបានចំនួន៤ទីតាំង ក្នុងខេត្តចំនួន៤ផ្សេងគ្នា។

តាមរយៈពិព័រណ៍នេះមានក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេសចិនបានបោះទុនវិនិយោគច្រើនពាន់លានដុល្លារនៅកម្ពុជា និងជាវេទិកាសម្រាប់ទាក់ទាញ និងកៀរគរទេសចរចិនទៅកម្សាន្តប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី១៦ ដែលចិន និងអាស៊ាន បានព្រមព្រៀងគ្នារៀបចំពិព័រណ៍ចិន-អាស៊ាន ដែលតែងតែធ្វើជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៤មក នៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន។ ព្រឹត្តិការណ៍ពិព័រចិន-អាស៊ាន បានក្លាយជាវេទិកាសំខាន់មួយ សម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០។

ក្នុងពិព័រណ៍ចិន-អាស៊ានឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា បានដឹកនាំពាណិជ្ជករមកចូលរួមមានចំនួន ៩៩ក្រុមហ៊ុន និងមានស្តង់សរុបចំនួន ១៤៥ស្តង់ ក្នុងនោះ ស្តង់ផលិតផលកសិកម្មមានចំនួន ៤១ស្តង់ ស្មើ២៨%, សេវាកម្ម និងគម្រោងវិនិយោគ ២៨ស្តង់ ស្មើ១៩%, ម្ហូបអាហារ និងភេសជ្ជ: ២២ស្តង់ ស្មើ១៥%, សិប្បកម្ម ៣៥ស្តង់ ស្មើ២៤% និងផលិតផលវត្ថុអនុស្សាវរីយ៍ ចំនួន ១៩ស្តង់ ស្មើនឹង ១៣%៕