(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឃុន ហាំង និងលោកស្រី, លោក ម៉ប់ សារិន និងលោកស្រី, លោក ក្រូច ផាន និងលោកស្រី, លោក ជាម ហ៊ីម និងលោកស្រី ,ឧបាសក ហែម សារឿន និងភរិយា, លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងភរិយា, លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងភរិយា និងអភិបាលរងខណ្ឌ និងមន្រ្តីរាជការក្រោមឱវាទសាលាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល បានរួមគ្នាកាន់បិណ្ឌវេនទី៨ វត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

ទេយ្យទាន និងទេយ្យវត្ថុ រួមមានអង្ករ, ទឹកសុទ្ធ, ទឹក្រូច, ទឹកស៊ីអីវ, សាដក់ និងនាំយកបច្ច័យចំនួនជាង៤០លានរៀល វេប្រគេនព្រះសង្ឃ ចាត់ចែងប្រើប្រាស់តាមពុទ្ធានុញ្ញាតិ។

ក្នុងឱកាសនោះ លោក លោកស្រី និងមន្រ្តីរាជការ និងពុទ្ធបរិស័ទទាំងអស់ ដែលជាម្ចាស់វេន បានចាត់ចែងចង្ហាន់បិណ្ឌបាត្រ វេប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិកុសលផលបុណ្យទាំងឡាយ ដែលកើតចេញពីចិត្តសទ្ធាជ្រះថ្លារបស់កូនចៅក្នុងថ្ងៃនេះ បានទៅដល់ដូនតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យឆាប់បានរួចរំដោះទុក្ខទោសកម្មពារវេរាទាំងឡាយ និងវិលទៅចាប់ជាតិជាថ្មី ក្នុងទីឋានដ៏គាប់ប្រសើកុំបីឃ្លាងឃ្លាតឡើយ។

ព្រះធម្មបញ្ញាមុន្នី សែម សុភា ចៅអធិការវត្តពូនភ្នំ បានសម្តែងក្តីត្រេកអរជាពន្លឹក ចំពោះទឹកចិត្តប្រពៃ ចំពោះលោក លោកស្រី និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលជានិច្ចកាលតែងបានទទួលកាន់បិណ្ឌ មួយវេនជារៀងរាល់ឆ្នាំ នៅវត្តពូនភ្នំ មិនដែលខកខាន។ មិនតែប៉ុណ្ណោះក៏បានចូលរួមគាំទ្រគ្រប់កម្មវិធីបុណ្យផ្សេងៗ ក្នុងទីអារាមនេះជាហូរហែរផងដែរ ធ្វើឲ្យវត្តពូនភ្នំ កាន់តែមានលទ្ធភាពកសាងនូវសមិទ្ធផលនានាក្នុងវត្ត មានភាពរីកចម្រើនជាបន្តបន្ទាប់ ស័ក្ដិសមជាទីសការៈគោរពបូជា របស់ប្រជាពុទ្ធបរិស័ទ ទាំងចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ។

ព្រះធម្មបញ្ញាមុន្នី សែម សុភា មានសង្ឃដីកាទៀតថា ទានដែលទាយក ទាយិការប្រគេនមកនេះ មួយចំណែកចាត់ចែងសម្រាប់ចង្ហាន់ព្រះសង្ឃ និងតាជី ដូនជីក្នុងទីអារាម, មួយចំណែកផ្គត់ផ្គង់ដល់កុមាកំព្រា ជនក្រីក្រតាមជាក់ស្តែង។ មួយផ្នែកទៀត ចាត់ចែងក្នុងការកសាងសមិទ្ធផលនានាក្នុងទីអារាម និងមួយចំណែកណាមួយនោះ បរិច្ចាគទៅកាកបាទក្រហម ដើម្បីរួមចំណែកជួយទ្រង់សកម្មភាពមនុស្សធម៌ជួយជនរងគ្រោះ៕