(កំពង់ធំ)៖ រថយន្ដក្រុងរបស់ក្រុមហ៊ុនបូព៌ាអាស៊ីមួយគ្រឿង ត្រូវសមត្ថកិច្ចខេត្តកំពង់ធំបង្ក្រាបបាន ពាក់ព័ន្ធការដឹកជញ្ជូនសត្វព្រៃដោយខុសច្បាប់ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចភូមិស្លាកក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ប្រតិបត្តិការនៅព្រឹកមិញនេះ ក្រោមការសម្របសម្រួលពី លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងមានការចូលរួមពី កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។

បើតាមសេចក្ដីរាយការណ៍ លទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងន វុនរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ (ជាអ្នកបើកបររថយន្ដ), រថយន្តក្រុងមួយគ្រឿងម៉ាក KIA ពណ៌ស្លាទុំលាយសរ ពាក់ស្លាកលេខភ្នំពេញ3D-2417 ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ី ដីកអ្នកដំណើរ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន អណ្តើកសកល២៨ក្បាល ស្មើនឹង១៧៩គីឡូក្រាម, ពស់ចាន់ល្មម៨២ក្បាល ស្មើនឹង៤៥គីឡូក្រាម និងអន្សង០៤ក្បាល ស្មើនឹង០៨គីឡូក្រាម។ បច្ចុប្បន្នវត្ថុតាង បានប្រគល់ជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការទៅតាមនីតិវិធី៕