(ភ្នំពេញ)៖​ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ ប្រារព្ធធ្វើក្រោមមូលបទ «ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់ តំបន់យូរ៉ាស៊ា​ : កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ» ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់អាសុី​ និងអឺរ៉ុប ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយ សភាឌូម៉ា​ សហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ហើយក៏ជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់មួយ​ សម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈ យោបល់ ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គម នៅក្នុងតំបន់ក៏ដូចជាពិភពលោកទំាងមូល។

កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភានៃប្រទេសមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ​ និងចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ បានប្រារព្ធធ្វើឡើងនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៦ លើកទី២ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេសទួរគី ក្នុងឆ្នាំ២០១៨។ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ធ្លាប់បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១ នៅប្រទសរុស្ស៊ី និងលើក ទី២​ នៅសាធារណរដ្ឋកូរ៉េ​ ផងដែរ។

គណៈប្រតិភូអមដំណើរសម្តេចប្រធានរដ្ឋសភា ចូលរួមកិច្ចប្រជុំ កម្រិតប្រធានសភាអាស៊ី-អឺរ៉ុប នាពេលនេះមាន លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ។ លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។ លោក កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា៕