(ភ្នំពេញ)៖ តាមរយៈថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីចិនបានអះអាងជាថ្មីថា នឹងខិតខំជំរុញឱ្យសហគ្រាសចិននាំគម្រោងវិនិយោគដែលមានគុណភាពខ្ពស់ មកវិនិយោគកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ការអះអាងនេះធ្វើឡើងក្នុងឱកាសលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក នីង ជីចឺ អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីកម្ពុជា-ចិន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណាន់នីង ប្រទេសចិន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ពុជា-ចិន ដែលប្រទេសទាំងពីរបានប្តេជ្ញាពង្រឹង និងពង្រីកឱ្យដល់កម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅវិញទៅមក នៃប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសទាំងពីរ តាំងពីឆ្នាំ២០១៥ កន្លងមក។

អង្គប្រជុំបានកត់សម្គាល់នូវវឌ្ឍនភាព ដែលសម្រេចបានគួរឱ្យមោទន តាមរយៈការទាក់ទាញបាននូវលំហូរវិនិយោគចិន មកកម្ពុជាកាន់តែច្រើនឡើងៗ រួមចំណែកយ៉ាងធំធេងដល់ការបង្កើនសមត្ថភាពផលិត និងថ្ពក់មូលដ្ឋានផលិតកម្មកម្ពុជាទៅនឹងខ្សែច្រវាក់គុណតម្លៃតំបន់ និងសកលកាន់តែរឹងមាំ។

ភាគីទាំងពីរបានប្តេជ្ញារួមគ្នាជំរុញ និងសម្រួលការវិនិយោគ ប្រកបដោយគុណភាពឱ្យដល់កម្រិត និងគោលដៅ ដែលប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ក្នុងន័យផ្តល់ផលប្រយោជន៍ឱ្យបានជាអតិបរិមាដល់ប្រជាជន និងសហគមន៍មូលដ្ឋាន។

ដើម្បីសម្រេចបាននូវគោលដៅនេះ ភាគីទាំងពីរបានពិភាក្សាលើការដាក់ឱ្យប្រតិបត្តិនូវទង្វើដ៏ប្រសើរសម្រាប់ផ្តល់សេវាជំរុញ និងសម្រួលការវិនិយោគរបស់ «តុចិន» ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្កើតឡើងកាលពីពាក់កណ្តាលឆ្នាំ២០១៩ កន្លងទៅនេះ។

ឈរលើមូលដ្ឋាននេះ ភាគីចិនបានអះអាងជាថ្មីថា នឹងខិតខំជំរុញឱ្យសហគ្រាសចិននាំគម្រោងវិនិយោគ ដែលមានគុណភាពខ្ពស់ទៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕