(ក្វាងស៊ី-ចិន)៖ ក្នុងឱកាសនៃដំណើរចូលរួមពិព័រណ៌ចិន- អាស៊ាន លើកទី១៦ នៅទីក្រុងណានីង លោករដ្ឋមន្ត្រី ថោង ខុន បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ ជាមួយនឹងសាកលវិទ្យាល័យ ហេណានណកម៉ល (Henan Normal University) សាលាបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហកម្មធុនស្រាលគ័ងស៊ីទី០២ (Guangxi Second Light Industry Senior Technical School) និងក្រុមហ៊ុនវិនិយោគការអប់រំហានស៊ីខ្វាងស៊ី (Guangxi Hansi Education Investment Co. Ltd.)។

ការចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណានីង
ខ្លឹមសារនៃអនុស្សារណៈ បានគូសបញ្ជាក់ អំពីខ្លីមសារសំខាន់ ស្តីអំពីការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ចូលរួមជំរុញការអភិវឌ្ឍសមត្ថភាព របស់អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូលើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈប្រព័ន្ធអេឡិចត្រូនិក/ កម្មវិធីសិក្សាពីចម្ងាយ សម្រាប់បណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងការជំរុញបង្កើតសាលាបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនកិច្ច នៅសាលាបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហកម្មធុនស្រាល គ័ងស៊ីទី០២ (Guangxi Second Light Industry Senior Technical School)។

ក្នុងកិច្ចពិភាក្សាជាមួយគណៈគ្រប់គ្រងសាលា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ភាគីចិន អំពីសភាពការណ៍ អភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា និងសេចក្តីត្រូវចាំបាច់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះកំណើនទេសចរ ដែលកំពុងកើនឡើងនៅកម្ពុជាទាំង ទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «វិស័យទេសចរណ៍ ជាវិស័យសេដ្ឋកិច្ចមួយ ដែលត្រូវការជំនាញច្បាស់លាស់» ទើបអាចអភិវឌ្ឍន៍ប្រកបដោយគុណភាព និងនិរន្តរភាពបាន។ កម្ពុជា មានផែនការបំពាក់បំប៉ន និងបណ្តុះបណ្តាលផ្តល់ជំនាញ វិជ្ជាជីវៈដល់បុគ្គលិកបំរើការ ក្នុងវិស័យទេសចរណ៍ឲ្យបានប្រមាណ៥០% នៅ ឆ្នាំ២០២០ និង១០០% នៅឆ្នាំ ២០២៥។ ក្នុងនោះសេចក្តីត្រូវការ នៃការជំរុញការបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឲ្យបានច្រើន គឺជាបញ្ហាគន្លឹះមូលដ្ឋាន ដែលលោករដ្ឋមន្ត្រី សំណូមពរ ឲ្យភាគីចិនជួយដល់កម្ពុជា ទាំងការផ្តល់អាហារូបករណ៍ ទាំងការវិនិយោគបង្កើតសាលាបណ្តុះបណ្តាល ឲ្យបានច្រើន។

ជាការឆ្លើយតប ភាគីចិនបានសំដែងការគាំទ្រ និងយល់ស្របទាំងស្រុង ចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ហើយសន្យាជំរុញការអនុវត្តន៍ អនុស្សារណៈយោគយល់គ្នានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៥កម្ពុជា ត្រូវការបំពាក់បំប៉ន និងផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ដល់បុគ្គលិកបំរើការ ក្នុងវិស័យនេះប្រមាណ១លាន២សែននាក់ ដើម្បីឆ្លីយតបនឹងចំនួនទេសចរអន្តរជាតិប្រមាណជាង១១លាននាក់ និងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ៕