(កំពង់ចាម)៖ នៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ បានរៀបចំពិធីសំណេះសំណាលជាមួយសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពីស្រុកកំពង់សៀម និងស្រុកជើងព្រៃចំនួន ៧០៨នាក់។

ពិធីនេះត្រូវបានធ្វើឡើងស្ថិតក្រោមអធិបតីភាព លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៉ីថា និងសមាជិកចុះជួយស្រុកទាំងពីរ, លោក ហាន កុសល អភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ឆ្នាំ២០១៩ នេះនៅទូទាំងស្រុកកំពង់សៀម និងស្រុកជើងព្រៃ មានសិស្សប្រឡងបាក់ឌុបចំនួន ៤៦៣នាក់ (ស្រី២៨៨) សិស្សប្រឡងជាប់ជាស្ថាពរចំនួន ៣១២ នាក់ (ស្រី១៩២នាក់) ក្នុងនោះនិទ្ទេស A ចំនួន៣នាក់ (ស្រី១) និទ្ទេស B ចំនួន ៧នាក់ (ស្រី៣)។ ដោយឡែក ស្រុកជើងព្រៃ មានសិស្សប្រឡងបាក់ឌុបចំនួន៥៣៩នាក់ (ស្រី២៦០នាក់) សិស្សប្រឡងជាប់ជាស្ថាពរចំនួន៣៩៦នាក់ (ស្រី២០៦) ក្នុងនោះនិទ្ទេស A ចំនួន៣នាក់ (ស្រី ២) និទ្ទេស B ចំនួន ២៤នាក់ (ស្រី១២)។

លោក វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកនាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀន ស្រាវជ្រាវ បំពាក់បំប៉នបន្ថែម និងរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រឡងបានយ៉ាងល្អប្រសើរ ធ្វើឲ្យការប្រឡងបាក់ឌុបនៅទូទាំងខេត្ត និងជាពិសេសក្នុងស្រុកទាំងពីរទទួលបាន ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។

លោកបន្តថា លទ្ធផលជាផ្លែផ្កាដែលសិស្សទទួលបាននាពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ដែលជាដើមចមធ្វើឲ្យវិស័យអប់រំ នៅទូទាំងប្រទេសមានការរីកចម្រើន គួរជាទីមោទន ជាអាទិ៍សាលារៀនគ្រប់កម្រិត សាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំបណ្តុះបណ្តាល បានកើតឡើងពេសពេញលើផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

លោកថ្លែងថា សមិទ្ធផលដ៏ប្រពៃនេះ គឺបានបង្កលក្ខណៈងាយស្រួលដល់សិស្ស បានចូលរៀនគ្រប់ៗគ្នា ដើម្បីក្រេបជញ្ជក់យកចំណេះដឹង ចំណេះជំនាញ និងបទពិសោធន៍ធ្វើជាដើមទុនផ្នែកពុទ្ធិ ដែលជាគ្រឹះក្នុងការកសាង អភិវឌ្ឍ និងធ្វើនវានុវត្តន៍ខ្លួនឯងជាបណ្តើរៗ ឈានទៅប្រែក្លាយខ្លួនជាកូនល្អ ជាមិត្តល្អ និងជាបុគ្គលមានសមត្ថភាព ឧត្តមភាព សីលធម៌ សុជីវធម៌ សម្រាប់ជាប្រទីបបំភ្លឺផ្លូវខ្លួនឯងផង និងចូលរួមអភិវឌ្ឍសង្គមជាតិ ពិសេសអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឯងផ្ទាល់នាពេលអនាគតផង។

លោកប្រធានក្រុមការងារ បានលើកយកមកបញ្ជាក់ អំពីការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័នគាំទ្រសំខាន់ៗ វិស័យអប់រំ ជាពិសេសវិស័យកសិកម្ម។ តែទោះជាយ៉ាងណា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ចចំនួនប្រជាជន ទាមទារចាំបាច់ធនធានមនុស្ស ដែលពោរពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាតែសិស្សគ្រប់រូប ដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ត្រូវឧស្សាហ៍ តស៊ូរៀនសូត្រគ្រប់មុខជំនាញ និងស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាកូនល្អ សិស្សឆ្នើម បុគ្គលល្អ និងពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯងវិញ ជាពិសេសសង្គមជាតិនាពេលអនាគត។

លោក វេង សាខុន បានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួន ដើម្បីជាជំនួយស្មារតីដល់សិស្ស យកទៅគិតគូរពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ ទទួលបានលទ្ធផលល្អថែមទៀត ក្នុងនោះមានដូចខាងក្រោម៖

ទី១៖ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ដើរឲ្យទាន់បរិបទនៃកំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបៗទាន់សម័យ។

ទី២៖ ត្រូវគោរពច្បាប់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិន័យជាពលរដ្ឋល្អឲ្យបានខ្ជាប់ខ្ជួន។

ទី៣៖ ត្រូវចេះចែករំលែក និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ សប្បុរសធម៌ និងសកម្មភាពផ្សេងៗទៀត ដែលជាប្រយោជន៍ដល់គ្រួសារ មិត្តភក្តិ និងសង្គមជាតិ។

ទី៤៖ ក្មួយៗនឹងត្រូវទៅចូលរៀនមុខជំនាញ តាមសាកលវិទ្យាល័យនានា នេះជាឱកាសដែលត្រូវលះបង់កាយចិត្ត និងពេលវេលា ដើម្បីក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍខ្លួន ឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់កសាងជីវភាពផ្ទាល់ខ្លួនផង គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អម្នាក់។

ទី៥៖ ត្រូវដើរចេញឲ្យឆ្ងាយពីអំពើអបាយមុខ ល្បែងស៊ីសង គ្រឿងស្រវឹង និងអំពើអសកម្មភាពខុសច្បាប់ទាំងឡាយណា ដែលប្រាសចាកសីលធម៌ និងនាំឲ្យគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ។

សូមជម្រាបថា អំណោយសម្រាប់សិស្សជ័យលាភីនិទ្ទេស A ទទួលបានម៉ូតូម្នាក់១គ្រឿង និងថវិកា៥ម៉ឺនរៀល និន្ទេស B កុំព្យូទ័រ១គ្រឿង និងថវិកា៤ម៉ឺនរៀល សម្រាប់សិស្សជាប់និទ្ទេស C, D និង E ម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល ចំពោះលោកគ្រូ អ្នកគ្រូម្នាក់ៗបានទទួលថវិកា៥ម៉ឺនរៀល៕