(ភ្នំពេញ)៖ ដូចបានគ្រោងទុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាអ្នកឧបត្ថម្ភដល់ក្រុមកីឡាករតេក្វាន់ដូកម្ពុជា ទៅប្រកួតដណ្តើមជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី បានរៀបចំកម្មវិធីជប់លៀងអបអរសាទរ ដល់ម្ចាស់ជ័យលាភីមេដាយមាស លោក ប៉ាល់ ជីវ័ន្ត និងក្រុមកីឡាករតេក្វាន់ដូកម្ពុជា ដែលឈ្នះមេដាយ ផ្សេងៗទៀត នៅការិយាល័យរោងចក្រភេសជ្ជៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ពិធីនេះ បានប្រារព្ធឡើងនៅយប់មិញ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងសប្បាយសប្បាយរីករាយបំផុត។

លោកស្រី លី សុខឆេង អគ្គនាយិការងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ក្នុងនាមជាកូនខ្មែរម្នាក់ លោកស្រីពិតជាមានមោទកភាពខ្លាំងណាស់ ដែលលោក ប៉ាល់ ជីវន្ត កីឡាករតេក្វាន់ដូកម្ពុជា មានសមត្ថភាពខ្លាំងរហូតអាចដណ្តើមមេដាយមាស ជើងឯកពិភពលោកតេក្វាន់ដូ មកជូនប្រជាជនកម្ពុជា។

លោកស្រីបន្តទៀតថា «តំណាងឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន យើងខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមចំណែក ជាមួយកីឡាករតេក្វាន់ដូ ដើម្បីលើកមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិតាមរយៈជ័យលាភី ដ៏លំបាកយកមួយនេះ»

លោកស្រីបញ្ជាក់ផងដែរថា ការជួបជុំលើកនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់អត្តពលិកកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលធ្វើឱ្យប្រជាជាតិកម្ពុជាមានមោទកភាព ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការអបអរមួយនេះនឹងជួយបង្កើនកម្លាំងចិត្តដល់កីឡាករខ្មែរ និងធ្វើឱ្យប្រជាជនកម្ពុជា ចងចាំនូវលទ្ធផលគួរជាទីគាប់ប្រសើរនេះ។

គួររម្លឹកថា ក្រុមអត្តពលិកតេក្វាន់ដូកម្ពុជា បានចេញទៅប្រកួតតេក្វាន់ដូពិភពលោក ITF កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ សីហាកន្លងទៅ។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ៥ គឺ កីឡាករកម្ពុជា ប៉ាល់ ជីវន្ត បានទទួលមេដាយមាស១, កីឡាករ បួន ចន្ទ័ថារ៉ាត់ ទទួលមេដាយប្រាក់ និងប្រកួតជាក្រុមទទួលមេដាយប្រាក់មួយ កីឡាករ ហ៊ឹម រីដា ទទួលមេដាយសំរិទ្ធ និងប្រកួតជាក្រុមមួយទៀត ទទួលមេដាយសំរិទ្ធផងដែរ៕