(ភ្នំពេញ)៖ បើយើងក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា យើងឃើញថា ប្រទេសកម្ពុជា ជាប្រទេសដែលកាន់របបរាជានិយម រាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្ឋមកម៉្លេះ មានទាំងរបបរាជានិយមផ្តាច់ការ (សម្បូរណញ្ញាសិទ្ធិរាជ្យ) និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ប៉ុន្តែ របបរាជានិយមអាស្រ័យធម្មនុញ្ញ ត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសាររដ្ឋប្រហារមួយដឹកនាំដោយ លន់ នល់ សិរិមតៈ និង ចេង ហេង ដើម្បីទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីអំណាច។

ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣ របបនយោបាយចំនួនបី បានខិតខំចូលមកគ្រប់គ្រងប្រទេសកម្ពុជា ដែលនៅក្នុងចំណោមរបបនយោបាយទាំងនោះ គេឃើញមានរបបប្រធានាធិបតីនិយម ដែលមានអត្ថិភាពរហូតដល់ឆ្នាំ១៩៧៥ ដែលពេលនោះខ្មែរក្រហមបានផ្តួលរំលំ ហើយបានឡើងកាន់អំណាចជំនួសវិញ ដោយចុងកាណុង។

ពីឆ្នាំ១៩៧៥ របបផ្តាច់ការខ្មែរក្រហម បានឡើងកាន់អំណាច ហើយបានប្រព្រឹត្តអំពើហិង្សា និងការកាប់សម្លាប់ តាមអំពើចិត្តពាសពេញផ្ទៃប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមប្រល័យពូជសាសន៍ ត្រូវបានផ្តួលរំលំដោយក្រុមសង្គមនិយមមិនតឹងរ៉ឹង «Les Modérés» (និយមកណ្តាល) ហើយឡើងដឹកនាំប្រទេសម្តងវិញ ដោយចាប់ផ្តើមរៀបចំរដ្ឋបាល និងហិរញ្ញវត្ថុឡើងវិញ។

ក្រុមនេះបានខិតខំកសាង និងការពារជាតិ ក្នុងស្ថានភាពដ៏លំបាកមួយដោយដៃម្ខាងការពារការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងដៃម្ខាងទៀតកសាងជាតិ។ របបគ្រប់គ្រងនេះ មានអត្ថិភាពរហូតឆ្នាំ១៩៩៣។

ក្រោយការបោះឆ្នោត១៩៩៣ ប្រទេសកម្ពុជា បានប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញជាថ្មីឡើងវិញ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ របបរាជានិយមថ្មីនេះ មានអត្ថិភាពរហូតដល់បច្ចុប្បន្ន។ យើងឃើញថា ប្រទេសកម្ពុជាបានភ្លក្សស្ទើរគ្រប់រសជាតិ នៃរបបនយោបាយ ហើយរបបនយោបាយដែលមិនមែនរាជានិយម មិនសូវមានអត្ថិភាពបានយូរទេ ច្រើនតែត្រូវបានផ្តួលរំលំ ដោយរបបមួយផ្សេងទៀត។ ដូច្នេះ មានតែរបបរាជានិយមអាស្រ័យធម្មនុញ្ញទំនើបទេ ទើបអាចធានាបាននូវស្ថិរភាពនយោបាយ និងមានអត្ថិភាពយូរអង្វែង។

ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិនិងនិរន្តរភាពជាតិ, ទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឲ្យមានភាពទៀងទាត់។ ទោះបីព្រះមហាក្សត្រមិនកាន់អំណាចក្តី ប៉ុន្តែព្រះអង្គត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ គឺអង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ទោសទណ្ឌចំ ពោះជនទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។

មាត្រា ៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបាន ផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹង ការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។

ដូច្នេះ បុគ្គលទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺប្រឈមនឹងបញ្ហាបួន ៖

* ទីមួយ ទិដ្ឋភាពប្រវត្តិសាស្ត្រ និងគ្រឹះនៃវប្បធម៌និងអារ្យធម៌ខ្មែរ៖ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺមានន័យថា ជាការជាន់ឈ្លីប្រវត្តិសាស្ត្រ និងគ្រឹះនៃវប្បធម៌ និងអារ្យធម៌ខ្មែរ។ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាមនុស្សទមិឡឥតសាសនា និងជាមនុស្សដែលមិនស័ក្តសម នឹងទទួលបានសញ្ជាតិជាខ្មែរ និងជាន់ដីខ្មែរនោះទេ។

* ទីពីរ ទិដ្ឋភាពច្បាប់៖ បុគ្គលដែលប្រមាថ ចំពោះអង្គព្រះមហាក្សត្រ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរ ចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ មានពិរុទ្ធភាពព្រហ្មទណ្ឌ មានស្ថានទម្ងន់ ដែលត្រូវផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ និងបានរំលោភបាវចនារបស់ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ។

* ទីបី ទិដ្ឋភាពសង្គម ៖ ប្រជាជនខ្មែរទូទាំងនគរគោរពស្រឡាញ់អង្គព្រះមហាក្សត្រ និងចាត់ទុកព្រះអង្គជាម្លប់ដ៏ត្រជាក់ សម្រាប់កូនចៅបណ្តាប្រជានុរាស្ត្រខ្មែរទូទាំងនគរ។ ដូច្នេះ បុគ្គលដែលប្រមាថ ចំពោះអង្គព្រះមហាក្សត្រ គឺជាបុគ្គលជាន់ឈ្លី និងប្រមាថចំពោះប្រជាជនទូទាំងនគរ ប្រៀបបានយកកាំបិត ទៅចាក់បេះដូងប្រជាជនឱ្យឈឺផ្សាបំផុត។

* ទីបួន ទិដ្ឋភាពនយោបាយ ៖ បុគ្គលដែលប្រមាថចំពោះ អង្គព្រះមហាក្សត្រ ជាបុគ្គលដែលមិនអាចធ្វើនយោបាយ ក្នុងសង្គមកម្ពុជាបានទេ ជាបុគ្គលដែលប្រជាជាតិកម្ពុជាមិនស្វាគមន៍។ បុគ្គលដែលប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ជាបុគ្គលមានទំនោរសាធារណរដ្ឋនិយម និងអាចមានឧបាយកលទុច្ចរិតឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរបបរាជានិយម នៅកម្ពុជាក៏ថាបាន។

ដូច្នេះ សូមបងប្អូនប្រជាជនខ្មែរទាំងអស់ គ្រប់ទីក្រុង និគមជនបទ សូមប្រយ័ត្នប្រយែង ចំពោះបុគ្គលបែបនេះ។ និន្នាការណាមួយឈាន ទៅរកការផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា គឺជាការប៉ុប៉ងនាំកម្ពុជា ទៅរកសោកនាដកម្មដ៏ឈឺចាប់ ពីអតីតកាលម្តងទៀត៕

២១ កញ្ញា ២០១៩
បណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
នៃរាជបណ្ឌិត្យសភាកម្ពុជា