(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានសម្ពោធជាផ្លូវការ នូវកម្មវិធីរង្វាន់ថ្មី ដល់អតិថិជនទាំងអស់ ដែលហៅថា Cellcard Club។

អតិថិជនអាចចូលរួមជាមួយ Cellcard Club បានតាមរយៈការប្រើប្រាស់ Cellcard App។ កម្មវិធីនេះ ជាការចាប់ផ្តើមជាថ្មី នៃ Cellcard Rewards ជាឈ្មោះកម្មវិធីចាស់ ដែលចាប់ផ្តើមដំបូង កាលពីឆ្នាំ២០១៣។

លោក Ian Watson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard បានថ្លែងថា Cellcard Club ថ្មី ត្រូវបានបង្កើតឡើង ដោយផ្តោតជាពិសេសទៅលើការជំរុញ ដល់របៀបរស់នៅប្រចាំថ្ងៃ បែបឌីជីថលរបស់អតិថិជន។

លោក Watson បានបន្តថា «Cellcard Club គឺជាការផ្តល់ជូនដ៏ថ្មីបំផុត នៅក្នុង Appថ្មី របស់យើងដែលបានដាក់ឲ្យប្រើប្រាស់ កាលពីខែកក្កដាកន្លងមក»

លោកបានគូសបញ្ជាក់ថា នេះជាការអរគុណដល់អតិថិជន ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីឈានមុខគេ លើផ្នែកភាវរូបនីយកម្ម បែបឌីជីថល ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីបង្កើនគុណតម្លៃ និងភាពរីករាយដល់អតិថីជន។ អតិថិជនអាចចូលរួម Cellcard Club បានដោយគ្រាន់តែទាញយក Cellcard App រួចចុចប៉ូតុង Cellcard Club ជាការស្រេច។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard បានបន្ថែមទៀតថា នៅក្នុង Cellcard Club នេះមានចំនួន៥កម្រិត។ បើលោកអ្នកបានផ្កាយបានកាន់តែច្រើននោះ លោកអ្នកអាចឡើងបានកម្រិតកាន់តែខ្ពស់៖

* កម្រិតដំបូង៖ ០ ដល់ ៣០ផ្កាយ
* កម្រិតដែក៖ ៣១ ដល់ ៥០ផ្កាយ
* កម្រិតត្បូងទទឹម៖ ៥១ ដល់ ៥០០ផ្កាយ
* កម្រិតត្បូងកណ្តៀង៖ ៥០១ ដល់ ២,០០០ផ្កាយ
* កម្រិតមាស៖ ចាប់ពី២០០១ផ្កាយឡើងទៅ

សូមជម្រាបថា កម្មវិធីនេះ ក៏អាចកត់ចំណាំពីរយៈពេល ដែលអតិថិជនក្លាយជាអតិថិជនដ៏ល្អ។ អតិថិជនប្រើប្រាស់ Cellcard រយៈពេលកាន់តែយូរ នឹងទទួលបានផ្កាយក៏កាន់តែច្រើន ដែលអាចឡើងកម្រិតកាន់តែខ្ពស់។ ដើម្បីចុះឈ្មោះ ក្នុង Cellcard Club អ្នកគ្រាន់តែទាញយក Cellcard App ដែលមាននៅក្នុង Google Play ឬ App Store ជាការស្រេច។ សម្រាប់ការចូលរួម និងបើករង្វាន់ គឺមិនមានគិតថ្លៃនោះទេ៕