(ភ្នំពេញ)៖ រោគសញ្ញាបានបង្ហាញច្បាស់ហើយមិនពិបាកដាក់ថ្នាំកំចាត់ទេ។ នេះគឺជាមេរោគចាស់ដែលធ្លាប់បានកើតពីទសវត្ស៧០ម្តងមកហើយ វាគឺជាមេរោគ «ក្បត់ជាតិ ក្បត់រាជបល្ល័ង្គ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»

កាលរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជារដ្ឋប្រហារដែលកើតចេញពីក្រុមមន្ត្រីក្បត់នៅក្នុងជួររាជរដ្ឋាភិបាល ក្នុងពេលសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៉ី ដែលជាការផ្តល់ឱកាសឲ្យក្រុមក្បត់ងាយស្រួលក្នុងការធ្វើរដ្ឋប្រហារ។

ប៉ុន្តែងាកមកមើលផែនការរដ្ឋប្រហាររបស់មេឧទ្ទាម សម រង្ស៉ី ពេលនេះវិញគឺខុសគ្នាត្រង់ថា មេរដ្ឋប្រហារគឺជាទណ្ឌិតរត់គេចគុកទៅក្រៅប្រទេស មានដីកាចាប់ខ្លួនពី អាជ្ញាធររាជរដ្ឋាភិបាលគ្រប់ពេល។ រីឯអ្នកដែលគេកំពុងរៀបចំធ្វើរដ្ឋប្រហារផ្តួលរំលំគឺកំពុងតែស្ថិតក្នុងអំណាចស្របច្បាប់ពេញលេញ មានកងទ័ពពេញដៃ និងមានប្រជាពលរដ្ឋគាំទ្រពេញប្រទេស។ ដូច្នេះប្រសិនបើជនក្បត់ជាតិ សម រង្ស៉ី វិលក្បាលចូលប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខមែននោះ មិនខុសពីដើរចូលរណ្តៅដោយខ្លួនឯងនោះទេ ពីព្រោះរាជរដ្ឋាភិបាលត្រូវតែអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក្នុងការទប់ស្កាត់អំពើរដ្ឋប្រហារជាដាច់ខាត ដើម្បីការពារសន្តិសុខជាតិ ការពាររាជបល្ល័ង្គនិងការពាររាជរដ្ឋាភិបាលជាឆន្ទ:របស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។

ផែនការរដ្ឋប្រហាររបស់មេឧទ្ទាម សម រង្ស៉ី គឺគេបានយកកត្តាខាងក្នុងគឺជា «កត្តាកំណត់» ឯកត្តាខាងក្រៅគ្រាន់តែ «កត្តាគួបផ្សំ» តែប៉ុណ្ណោះ។ ការយកកត្តាខាងក្នុង ជាកត្តាកំណត់នេះ មេឧទ្ទាម សម រង្ស៉ី សំអាងលើកម្លាំងប្រជាពលរដ្ឋធ្វើជាឧបករណ៍បំផ្ទុះស្ថានការណ៍របស់គេ ដើម្បីឲ្យធ្លាក់ចូលទៅក្នុងផែនបដិវត្តរបស់គេ។ នេះគឺមានន័យថា គេយកឈាមប្រជាពលរដ្ឋធ្វើជាកម្រាលព្រំក្រហមរបស់ដើម្បីបោះជំហានទៅប្លន់អំណាចតែម្តង៕

លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន