(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី អាន ផល្លា ព្រមទាំងក្រុមគ្រួសារ រួមដំណើរដោយមន្ត្រីរដ្ឋបាលខណ្ឌ-សង្កាត់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត នៅព្រឹកទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌវេនទី០៧ និងរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យចំពោះព្រះសង្ឃនៅវត្តចំនួន២ គឺវត្តញាណរង្សី វត្តទួលសុវណ្ណារ៉ាម (វត្តទួលសង្កែ) ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ស្ថិតក្នុងបរិយាកាស នៃពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌវេនទី០៧ និងរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន២នេះ លោក ជា ពិសី និងលោកស្រី អាន ផល្លា ព្រមទាំងក្រុមគ្រួសារ សូមបួងសួងចំពោះព្រះរតនត្រ័យ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ និងសេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ ទោះបីធ្វើដំណើរទីជិត ឫទីឆ្ងាយ សូមបានសមប្រកបដោយសុខសុវត្ថិភាពជានិច្ច។

ក្នុងរយៈពេល នៃថ្ងៃកាន់បិណ្ឌនីមួយៗ គឺជាឱកាសដែលពុទ្ធសាសនិកខ្មែរយើង បានធ្វើបុណ្យដាក់ទាន ដោយមានការធ្វើចង្ហាន់ យកទៅវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សានៅតាមបណ្តាវត្ត ជិតឆ្ងាយ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ដែលយើងធ្វើបញ្ជូនទៅដល់ដួងវិញ្ញាណក្ខន្ធញាតិទាំង ៧សន្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់បរមលោកក្តី ទៅទីណាក្តី សូមមកទទួលមគ្គផលដែលកូនចៅ បានធ្វើជូននាឱកាសបុណ្យនៅពេលនេះ។

ម្យ៉ាងវិញទៀត ពិធីបុណ្យនេះក៏ជាការផ្សារភ្ជាប់ និងជួបជុំញាតិមិត្ត និងផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រវត្តិធ្វើនៃពិធីបុណ្យ របស់ដូនតាខ្មែរដ៏យូរលង់ ដល់យុវជនជំនាន់ ក្រោយគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាកេរដំណែល ដូនតានេះឲ្យបានគង់វង្ស និងឲ្យសកលលោកបានដឹងថា វប្បធម៌ អរិយធម៌ប្រពៃណី ទំនៀមទម្លាប់នៃប្រវត្តិសាស្រ្តខ្មែរអស្ចារ្យ៕