(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតអង្ករដែលល្អជាងគេបំផុតប្រចាំឆ្នាំ លើកទី៤ ដើម្បីស្វែងរកអ្នកទទួលជ័យលាភី ទៅចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា ក្នុងកម្មវិធីប្រកួតអង្ករល្អបំផុត លើពិភពលោក។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញានេះ។

អង្ករ៣ប្រភេទ ដែលនឹងប្រកួតប្រជែងស្វែងរកជ័យលាភី៖
១៖ ជ័យលាភីលើអង្ករក្រអូបប្រណិត ពូជស្រូវផ្ការំដួល
២៖ ជ័យលាភីអង្ករក្រអូប ពូជស្រូវសែនក្រអូប
៣៖ ជ័យលាភីលើអង្ករស គ្រាប់វែង

បន្ទាប់ពីរកឃើញម្ចាស់ជ័យលាភីហើយ នឹងត្រូវយកទៅប្រកួតបន្តនៅក្នុងកម្មវិធី ប្រកួតអង្ករល្អបំផុតលើពិភពលោក នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕