(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកសម្ពោធបណ្ណាល័យថ្មីរបស់ខ្លួន ក្នុងនោះមានទាំងសៀវភៅល្អៗយ៉ាងច្រើន ព្រមទាំងមានបំពាក់កុំព្យួទ័រ និងឧបករណ៍ឌីជីថលទំនើបៗជាច្រើនសម្បូរបែប ដែលអ្នកស្រាវជ្រាវគ្រប់គ្នាអាចចូលទៅអាន និងស្រាវជ្រាវឯកសារនានាបាន។

ពិធីសម្ពោធបណ្ណាល័យថ្មីនេះ ធ្វើឡើងនៅសាកលវិទ្យាល័យ PPIU ផ្ទាល់តែម្ដង ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធាន ស.ស.យ.ក។

លោកស្រី ទេព កុលាប សាកលវិទ្យាធិការ PPIU បានឱ្យដឹងថា បណ្ណាល័យថ្មីនេះ មានតាំងនូវសៀវភៅជាច្រើនសម្បូរបែប ព្រមទាំងកុំព្យួទ័រ និងឧបករណ៍ឌីជីថលមួយចំនួនទៀត ដើម្បីឱ្យសិស្ស និស្សិត ក៏ដូចជាមិត្តអ្នកស្រាវជ្រាវ ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួន ស្របពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០។

លោកស្រីសាកលវិទ្យាធិការបានបន្តថា បណ្ណាល័យនេះមិនប្រកាន់ថា ទាល់តែនិស្សិតរៀននៅសាកលវិទ្យាល័យ PPIU ទើបអាចចូលអានបាននោះទេ ទោះបីសិស្ស និស្សិត ឬមិត្តអ្នកអាននៅទីណាក៏អាចចូលអាន និងសិក្សាស្រាវជ្រាវបានដែរ ដោយគ្រាន់តែចុះឈ្មោះជាសមាជិកបណ្ណាល័យ នឹងទទួលបានបណ្ណសមាជិកចូលអានបានដូចគ្នា។

ការបើកឱ្យមានបណ្ណាល័យនេះ ទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន និងលោក ហ៊ុន ម៉ានី ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំទាំងពីរផងដែរ៕