(ភ្នំពេញ)៖ កូនប្រុសស្តេចប្រដាល់ អេ ភូថង កីឡាករ ម៉ឺន មេឃា ត្រៀមប៉ះជាមួយជើងខ្លាំងឆ្លងដែនថៃ លីងលំ ប៉. យុទ្ធភូមិ នៅលើសង្វៀនកម្ពុជាសង្វៀនគុនខ្មែរដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជានៅព្រឹកថ្ងៃសៅរ៍ទី ២១នេះនៅបរិវេណស្ថានីយ៍ទូរទស្សន៍ CBS។

ការប្រកួតនេះ គឺជាការប្រកួតផ្តាច់ព្រ័ត្រធ្វើឡើងដើម្បីស្វែងរកជើងឯកកម្ពុជាសង្វៀនគុនខ្មែរ ក្នុងទម្ងន់ ៦០គីឡូក្រាម ឬ Champion of The Champion។

បន្ទាប់ពីកីឡាករដៃភ្លើង ជើងរន្ទះ ម៉ឺន មេឃា ដែលស្ថិតក្នុងក្រុម១បានយកឈ្នះកីឡាករថៃ ភិតណាមអេក ស.ស.ប៉ាកន គឺនឹងត្រូវទៅប្រកួតជាមួយជើងខ្លាំងក្នុងក្រុមពីរគឺកីឡាករ លីងលំ ប៉. យុទ្ធភូមិ ដែលបានយកឈ្នះកីឡាករ កីឡាករ លន បញ្ញាដោយពិន្ទុ។

គួរបញ្ជាក់ថា កីឡាករដែលឈ្នះការប្រកួតនេះ នឹងទទួលបាន ពានរង្វាន់ជើងឯក១ ខ្សែរក្រវ៉ាត់ជើងឯក១ ទឹកប្រាក់៦ពាន់ដុល្លា និងលិខិតសរសើរមួយ ហើយចំណែកកីឡាករជើងឯករងក៏នឹងទទួលបានពានរង្វាន់១ ទឹកប្រាក់៣ពាន់ដុល្លា និង លិខិតសរសើរមួយផងដែរ។

ក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ ក៏មានការចូលរួមប្រកួតជាលក្ខណៈមិត្តភាពរវាងកីឡាករកម្ពុជាបួនរូបផ្សេងទៀត គឺកីឡាករឡុង ចំរើន ពុទ្ធ សំបូរ សំខាន់ ប៉ាវចិន និងកីឡាករ ម៉ឺន សុខហ៊ុច និងកីឡាករថៃ២រូបផ្សេងទៀតគឺ វ៉ាចឆារ៉ាត់ ប្រានសងហុក និង ណាត់ថៈគាត ប្រាណឈុំភុនផងដែរ។

អ្នកស្នេហាកីឡាប្រដាល់គ្រប់គ្នា អាចចូលរួមទស្សនាដោយផ្ទាល់ឬតាមកញ្ចក់ទូរទស្សន៍CBS (CTN, CNC, MYTV) ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង១០ព្រឹកតទៅ៕