(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានបើកប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ - ២០២៥»។

កិច្ចប្រជុំនោះធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ ជាសមាជិកនៃ គ.ស.ហ., ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា, ថ្នាក់ដឹកនាំសហគ្រាសសាធារណៈ, រដ្ឋបាលថ្នាក់ក្រោមជាតិ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច។

សេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ២០១៩-២០២៥» ត្រូវបានដាក់ឆ្លងកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ ជាមួយតួអង្គពាក់ព័ន្ធនានាដូចជា៖ ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍, សហគ្រាសសាធារណៈ, គ្រឹះស្ថានរដ្ឋបាលសាធារណៈ និងអគ្គនាយកដ្ឋាន/អង្គភាពពាក់ព័ន្ធ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច ដែលកិច្ចពិគ្រោះយោបល់ចុងក្រោយបំផុត ត្រូវបានធ្វើឡើងក្នុងកម្រិតថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ មុននឹងយកមកដាក់ឆ្លងកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលនេះ។

សេចក្តីព្រាងយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការសិក្សា និងវិភាគលើទិដ្ឋភាពរួម នៃការវិនិយោគសាធារណៈ ដែលរួមមាន៖ បរិការណ៍ និងនិន្នាការសកល, ព្រមទំាងបរិការណ៍, បញ្ហាប្រឈម, និងកាលានុវត្តភាពរបស់កម្ពុជា ហើយនឹងដាក់ចេញនូវវិធានការ ជាយុទ្ធសាស្ត្របន្ទាន់ចំពោះមុខ និងរយៈពេលមធ្យមមួយចំនួន សំដៅបង្កើតប្រព័ន្ធរួមមួយរបស់ជាតិ សម្រាប់ពង្រឹងការគ្រប់គ្រង ការវិនិយោគសាធារណៈពីគ្រប់ប្រភពហិរញ្ញប្បទាន គ្រប់កម្រិតរដ្ឋបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, និងអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ជាជំហានៗ ដែលរួមមាន៖ ១)-ការចាប់ផ្តើមពីការពិនិត្យ និងកែសម្រួលនូវក្របខ័ណ្ឌគតិយុត្ត, ២)-ការកំណត់សមត្ថកិច្ចស្ថាប័ន និងការពង្រឹងយន្តការស្ថាប័ន នៅតាមដំណាក់កាលនីមួយៗ នៃវដ្តគម្រោង, ៣)-ការរៀបចំ និងដាក់ឱ្យអនុវត្តយន្តការគាំទ្រហិរញ្ញវត្ថុ, និង ៤)-ការរៀបចំ និងដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិការ គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។

ការឈានទៅបង្កើតប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ នឹងធ្វើឱ្យមានការប្រែប្រួលសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នមួយចំនួន, ផ្លាស់ប្តូររបៀបរបបបំពេញការងារ, ព្រមទាំងត្រូវការបំពេញលក្ខខណ្ឌជាច្រើនថែមទៀត ដើម្បីឱ្យសំណើគម្រោងវិនិយោគសាធារណៈមានលក្ខណៈសម្បតិ្ដគ្រប់គ្រាន់ ដែលចាំបាច់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលត្រូវតែបុរេសកម្ម, សកម្ម, អន្តរសកម្ម និងម៉ឺងម៉ាត់ជាងមុន ដើម្បី មិនត្រឹមតែធានាថា គ្មានការរាំងស្ទះដល់ចលនាការអភិវឌ្ឍប្រទេស ដោយសារការជាប់គាំងនៃគម្រោងវិនិយោគសាធារណៈនៅដំណាក់កាលណាមួយនោះទេ, តែថែមទាំងជួយលើកកម្ពស់ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការវិនិយោគសាធារណៈឱ្យកាន់តែប្រសើរជាងមុនទៀតផង។ ក្នុងស្មារតីនេះ, អភិក្រមនៃការអនុវត្ត ត្រូវតែធ្វើដោយ ប្រយ័ត្នប្រយែង, សន្សឹមៗ, ឈរលើគោលការណ៍ប្រាកដនិយម, ទន់ភ្លន់, និង «រៀនផង-ធ្វើផង»។

អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃ «យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥» នេះ ហើយបានពិភាក្សាស៊ីជម្រៅ លើខ្លឹមសារតាមផ្នែកនីមួយៗនៃសេចក្តីព្រាង សំដៅធានាបាននូវសង្គតិភាព និងភាពប្រឡាក់ក្រឡា ជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមតិយោបល់ល្អៗ របស់សមាជិក-សមាជិកា នៃអង្គប្រជុំ ព្រមទំាងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេសនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ៕