(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយសាច់ញាតិ មិត្តភក្តិ អតីតលោកគ្រូ-អ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃ០៦រោច និងព្រឹកថ្ងៃ០៧រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងរណ្តាប់ផ្សេងៗ ទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ហៅវត្តដំរីស ទឹកថ្លា ដើម្បីដំណើរការ ពិធីកាន់បិណ្ឌទី៧ តាមប្រពៃណីជាតិខ្មែរ ដែលមានតាំងពីដូនតាមក។

ស្ថិតក្នុងទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា ម្ចាស់វេណទាំងនេះ បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រគេននូវថវិកា២០លានរៀល អង្ករ១១បាវ ភេសជ្ជៈ៥៤កេស ត្រីខ០៥កេស គុយទាវមី០២កេស ថ្នាំពេទ្យ០២កេស និង ផ្កាស្រស់ផ្លែឈើស្រស់មួយចំនួន ជូនដល់ព្រះសំវរៈបញ្ញាណ ម៉ែន ច័ន្ទពន្លឺ ព្រះចៅអធិការវត្តព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្តុ ទុកជាកុសលបុណ្យរៀងៗខ្លួនផង និងឧទ្ទិសដល់អ្នកដែលចែកឋានទៅផង។

បន្ទាប់ពីពិធីផ្សេងៗ បានដំណើរការរួចជាបន្តបន្ទាប់នៅថ្ងៃបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ អតីតលោកគ្រូ-អ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកបាយម្ហូប នំចំណី ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខ ប្រគេនព្រះសង្ឃឆាន់ត្រង់ រាប់បាត្រ ពូនភ្នំខ្សាច់ ថ្វាយបង្គំព្រះ សមាទានសីល និងធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបង្ហើយបុណ្យ ដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នា៕